ភ្នំពេញៈ ទើបតែល្បីនឹងរឿងទិញរថយន្តទំនើបម៉ាក Tundra ជាង ៣ម៉ឺនដុល្លារ និងផ្ទះល្វែងនៅបុរីប៉េងហួតមានតម្លៃរាប់ម៉ឺនដុល្លារ មុននេះសោះ តារាចម្រៀងប្រុសចំណូលថ្មីរបស់ផលិតកម្មថោនលោក ម៉ៅ ហាជី ឥឡូវក៏បន្តធ្វើឲ្យមហាជនស្រឡាំងកាំង និងការសម្ញែងរូបថតទៅមើលចម្ការទំពាំងបាយជូរដែលមានទំហំរាប់សិបហិចតា ដែលគេឃើញតាមរយៈរូបថតមួយសន្លឹក និងសារថា៖ «មកមើលចម្ការម្តងទុកចោលយូរហើយ!»។
តែបន្ទាប់ពីសាកសួរលម្អិតទៅលោក ម៉ៅ ហាជី ឆ្លើយប្រាប់ថា៖ «រូបថតនោះ ពិតណាស់រូបថតបង្ហាញភ្ជាប់នឹងចម្ការទំពាំងបាយជូរនៅស្តៅ ស្រុកបវិល ខេត្តបាត់ដំបង តែវាជាដំណើរទៅលេងចម្ការបងប្អូនក៏ថតលេងទៅ ដឹងអីធ្វើឲ្យគេគិតថាខ្ញុំជាថៅកែចម្ការទៀត»។
ដោយឡែកលោក ម៉ៅ ហាជី ក៏ត្រូវមហាជនសម្គាល់ថា ឥឡូវនេះកាក់កប និងហ៊ឺហាខ្លាំងដោយបានដូរឡានពី Highlander តម្លៃជាង ១ ម៉ឺន ដុល្លារ មកជិះរថយន្តម៉ាក Tundra តម្លៃជាង ៣ ម៉ឺន ដុល្លារ។ឆ្លើយដោយមិនលាក់លៀមនឹងដំណឹងដូរម៉ាករថយន្តពី Highlander មកជិះម៉ាកជិះរថយន្តទំនើបជាងមុនម៉ាក Tundra ព្រោះតែកាក់កបខ្លាំងនឹងអាជីពជាតារាចម្រៀងមហាជនចូលចិត្តខ្លាំង មិនចាញ់តារាចម្រៀងរលកមុន លោក ម៉ៅ ហាជី បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «អូ!ខ្ញុំពិតជាបានដូរម៉ាកឡានមែនបង!ខ្ញុំមិនលាក់ទេព្រោះវាជាកម្លាំង ញើសឈាមរកបាន ដោយសារតែការខំប្រឹងខ្លួនឯង គឺនៅសព្វថ្ងៃជិះរថយន្តម៉ាក Tundra មានស៊េរីឆ្នាំ ២០០៧ តែប៉ុណ្ណោះមានតម្លៃ ៣២ ០០០ ដុល្លារ ដែលបានដូរពីរថយន្តមុនម៉ាក Highlander ដែលខ្ញុំបានទិញតម្លៃ ១៨ ០០០ ដុល្លារ នោះ»។
តែលោកហាក់ដូចជាបានច្រានចោលទៅនឹងរឿងប្រភពថវិកា ដែលរកបានយកទៅដូររថយន្តថ្មីនោះថា៖ «តាមពិតទៅលុយទិញរថយន្តថ្មីនេះ មិនមែនទើបតែខ្ញុំបានមកច្រៀងក្នុងផលិតកម្មថោននោះទេ។ ខ្ញុំបានសន្សំពីការងារសិល្បៈ ដែលចំណាយពេលមួយឆ្នាំឯណោះគឺឆ្នាំ ២០១៦ នោះគឺជាឆ្នាំដែលខ្ញុំទទួលបានការចាប់អារម្មណ៍បណ្តាក្រុមហ៊ុន រៀបចំកម្មវិធីតន្ត្រីតាមខេត្ត និងរាល់កម្មវិធីមង្គលនានា ដែលបងប្អូនខ្មែរបានស្គាល់ខ្ញុំ ហើយហៅទៅច្រៀងជាហូរហែពេញ ១ ឆ្នាំតែម្តង។ ដូច្នេះហើយបានជាខ្ញុំអាចសន្សំប្រាក់់យកមកដូររថយន្តនេះបាន»។
គួររំឭកថា លោក ម៉ៅ ហាជី ជាបេក្ខជនប្រឡងប្រជែងនៃកម្មវិធីចម្រៀងក្នុងលំដាប់ពិភពលោករដូវ កាលទី ១ ឆ្នាំ ២០១៥ ហើយលោក ក៏ជាបេក្ខជនម្នាក់នៅក្នុងចំណោមបេក្ខជនបីរូបចុងក្រោយ ទទួលបានការគាំទ្រពីមហាជនបោះឆ្នោតឲ្យឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ រួមមានដូចជាលោក នី រតនា ជាម្ចាស់ពាន Cambodian Idol ឆ្នាំ ២០១៥ លោក សៅ ឧត្តម និងរូបលោក៕