កាលពី 8-10 ឆ្នាំមុន អ្នកទេសចរនិយមនាំគ្នាទៅគេងសំដឹលកាយនៅឯឆ្នេរសមុទ្រ អេឌ្រៀទិក នៅក្នុងប្រទេស ក្រូអាត តែពេលនេះ មើលទៅហាក់ដូចជាអ្នកទេសចរចាប់ផ្តើមប្តូរគោលដៅហើយ ព្រោះមួយរយៈក្រោយនេះពួកគេបាននាំគ្នាខឹតចេញពីទីក្រុងល្បីឈ្មោះ Drobrovnik ឆ្លងប្រទេសទៅរកកន្លែងសំដឹលកាយហាលថ្ងៃនៅឯប្រទេស ម៉ុនតេនេហ្រ្គោ កាន់តែច្រើនឡើងម្តងវិញ តែក៏នៅតែជាឆ្នេររបស់សមុទ្រ អេឌ្រៀទិក ដដែល។ តែអ្វីដែលផ្លាស់ប្តូរនោះគឺ បរិយាកាសនៃធម្មជាតិ ព្រោះម៉ុនតេនេហ្រ្គោ មានទីក្រុងឆ្នេរសមុទ្រដ៏គួរឱ្យស្រឡាញ់ និងគួរឱ្យស្នាក់នៅល្អជាងប្រទេសក្រូអាតហ្នឹងឯង។
ក្រៅពីនេះនៅមានទីក្រុង ប៊ុដវ៉ា(Budva) ដែលជាកន្លែង “ហត់ស្បត់” សម្រាប់អ្នកនិយមពន្លឺថ្ងៃដ៏ចែងចាំង ព្រោះក្នុងទីក្រុងនេះមានឆ្នេរសមុទ្រឱ្យជ្រើសរើសគេងសំដឹលថ្ងៃដល់ទៅ 35កន្លែងឯណោះ ដូច្នេះហើយទើបនៅក្នុងឆ្នាំ2020 នេះ ម៉ុនតេនេហ្រ្គោស្ថិតនៅក្នុងចំណុចហ្វូខឹសរបស់អ្នកទេសចរដែលគ្មាននរណាម្នាក់ចង់ខកខានឡើយ ។
កន្លែងដ៏ល្បីល្បាញរបស់ ម៉ុនតេនេហ្រ្គោ គឺអ្នកទេសចរត្រូវឡើងកាំជណ្តើរចំនួន 1,300 កាំដើម្បីទៅលេងប៉មយាមការពារទីក្រុង Kotor និងទស្សនាទេសភាពបែប ផាណូរ៉ាម៉ា ដ៏ស្រស់ស្អាតត្រកាលជាប់ចិត្ត និងចំណុចមួយទៀតដែលហាមខកខានជាដាច់ខាតពេលទៅដល់ ម៉ុនតេនេហ្រ្គោនោះគឺ ទីប្រជុំជន ស្វេទី ស្តេហ្វាន (Sveti Stefan) ដែលកាលពីដើមជាភូមិអ្នកនេសាទ តែបច្ចុប្បន្ននេះបានក្លាយទៅជា សណ្ឋាគារ និងរីសតលំដាប់ផ្កាយ6 ដែលអ្នកទេសចរណាមួយក៏និយាយដែរថា ទេសភាពនៅទីកន្លែងនោះវាប្រៀបដូចជានិមិត្តសញ្ញារបស់ប្រទេស ម៉ុនតេនេហ្រ្គោ ទៅហើយ…៕