សត្វមូសចង្រៃចូលចិត្តរស់នៅក្នុងទឹកដែលដក់នៅតាមកន្លែងផ្សេងៗ ព្រោះជាជម្រក និងជាកន្លែងបង្កកំណើតពូជមូសជាច្រើនពាន់ក្បាលទៀត ហើយនៅក្នុងចំណោមសត្វមូសទាំងអស់នោះគឺមានមូសខ្លាជាសត្វដែលចម្លងមេរោគគ្រុនឈាម ដូច្នោះហើយនៅរដូវភ្លៀងធ្លាក់ យើងចាំបាច់ត្រូវតែបំផ្លាញសត្វមូស និងមិនត្រូវបណ្ដោយឱ្យសត្វល្អិតកំណាចនេះបានចាប់កំណើតច្រើនឡើងនៅក្នុងបរិវេណផ្ទះរបស់យើងឡើយ ដើម្បីចៀសវាងកុំឱ្យបុត្រធីតារបស់យើងត្រូវសត្វមូសខាំ ដែលជាហេតុធ្វើឱ្យកើតជំងឺគ្រុនឈាម និងគ្រុនក្ដៅបាន។
ថ្ងៃនេះ គេហទំព័រឡារ៉ែន សូមលើកយកមកជម្រាបជូននូវរុក្ខជាតិធម្មតាៗដែលយើងធ្លាប់ស្គាល់ហើយមួយចំនួនដែលមានសមត្ថភាពក្នុងការបណ្ដេញសត្វមូសចេញពីផ្ទះរបស់អ្នកតាមរយៈក្លិនរបស់វា។
1.ស្លឹកគ្រៃ
ស្លឹកគ្រៃ ជាប្រភេទរុក្ខជាតិដែលមានក្លិនឈ្ងុយប្រហើរ តែផ្ទុយទៅវិញក្លិនរបស់វានេះមានឥទ្ធិពលបណ្ដេញសត្វមូសយ៉ាងពូកែ និងម្យ៉ាងវិញទៀត ការដាំស្លឹកគ្រៃនៅក្បែរផ្ទះ គឺជារឿងដែលល្អបំផុតមួយ ព្រោះវាជួយបណ្ដេញសត្វចង្រៃមួយចំនួនដូចជា ពស់ ក្អែប ជាដើមមិនឱ្យមកជិត។
2.ជីរអង្កាម
ជារុក្ខជាតិឱសថបុរាណមួយប្រភេទទៀតដែលមានសមត្ថភាពបណ្ដេញសត្វមូសបាន ព្រោះនៅក្នុងជីរអង្កាមមានក្លិន ម៉ង់តុល ឬក្លិនប្រហើរលាយហឹរតិចៗ ដែលធ្វើឱ្យមូសចាញ់ និងស្លាប់បាន។ មិនត្រឹមតែមូសទេ នៅមានសត្វស្រមោច កន្លាត ឃ្មុំ ក៏ចាញ់ក្លិនជីរអង្កាមនេះផងដែរ។
3.ជីរនាងវង
ជនជាតិខ្មែរយើងពេញនិយមក្លិនជីរនាងវងខ្លាំងជាងគេក្នុងការបង់សម្ល ឬស្ងោរជ្រក់ជាដើម តែក្លិនរបស់ជីរមួយប្រភេទនេះក៏អាចជួយកម្ចាត់សត្វមូសឱ្យចេញពីផ្ទះរបស់យើងបានដែរ។
4.ជីរបហោ
ជីបហោ (រូបរាង ទ្រង់ទ្រាយដើមស្លឹកដូចជីរនាងវង តែមានពណ៌ស) មិនត្រឹមតែជាឱសថបុរាណព្យាបាលជំងឺប្រព័ន្ធផ្លូវដង្ហើមប៉ុណ្ណោះទេ តែវាអាចកម្ចាត់សត្វមូសបានយ៉ាងមានប្រសិទ្ធភាព ព្រោះសត្វមូសចង្រៃមិនចូលចិត្តក្លិនរបស់ជីរបហោនេះទេ៕