កាលពីថ្ងៃក្រុងពាលីរឿង«ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ កន្លងមកថ្មីៗនេះ អ្នកនិពន្ធ និងដឹកនាំរឿង ពាន់ ភួងបុផ្ផា ត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុកសាកសួរនាំ និងជីកកកាយមូលហេតុការមិនជ្រើសយកតារាសម្តែងចាស់ៗ កាល17ឆ្នាំ មុនសម្តែងក្នុងវគ្គថ្មីនេះ។
ក្រោយពីផ្ទាល់កិច្ចសម្ភាសន៍ នៅរសៀលថ្ងៃខែឆ្នាំដដែរ គេឃើញមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានអត្ថបទក្នុងស្រុកមួយបានចុះផ្សាយចំណងជើងថា សឿ សុធារ៉ា អស់ភាពក្រមុំទើបមិនអាចជ្រើសមកយកឲ្យសម្តែងជាតួឯករឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ បាន។ យ៉ាងណាមិញ ក្រោយបានឃើញអត្ថបទនេះ អ្នកនិពន្ធ និងដឹកនាំរឿង ពាន់ ភួងបុផ្ផា បានចេញមុខស្រាយមន្ទិលនេះហើយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី។
យោងតាមការបង្ហោះលើគណនីដែលគេឯងដឹងថាជារបស់អ្នកនិពន្ធ និងដឹកនាំរឿងរូបនេះ បានសរសេររៀបរាប់ស្រាយបំភ្លឺចំពោះចំណងជើងអត្ថបទខាងលើថា៖ «ខ្ញុំសូមបំភ្លឺចំពោះពាក្យសម្តីរបស់ខ្ញុំ ដែល Fresh News យកមកធ្វើជាចំណងជើងអត្ថបទ នោះគឺជាការដកស្រង់មិនអស់សម្ដី ធ្វើឲ្យមានកាយល់ច្រឡំអំពីសំនួរដែលសួរខ្ញុំថា ហេតុអ្វីមិនយកតួសម្តែងអ្នកនាង សឿ សុធារ៉ាមកសម្តែងតួនាងរាមវិញ? ខ្ញុំបានឆ្លើយក្នុងន័យថា រឿងស្នាមស្នេហ៍សមុទ្ររាម មុន គឺយើងថត១៧ឆ្នាំកន្លងមក ដូច្នេះតួសម្តែងមុន គាត់មិននៅក្មេងដូចមុនទៀតទេ គាត់មានប្តីមានកូនហើយ។ នេះជាការពិតព្រោះក្នុងអត្ថបទភាពយន្តបានសរសេរពីនាងរាម គឺមានអាយុ១៦-១៧ឆ្នាំតែប៉ុណ្ណោះ។ អគុណចំពោះការយកចិត្តទុកដាក់របស់ Fan Fan ទាំងអស់គ្នា »៕