តាមរយៈសារព័ត៌មាន Thansettakij បានចេញផ្សាយនៅថ្ងៃនេះថា តារាសម្ដែងជំនួសតួឯកស្រីនៅក្នុងរឿង Deadpool 2 បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលកំពុងសម្ដែងក្នុងឈុតជិះម៉ូតូធំដោយសារតែខុសបច្ចេកទេស។
បន្ទាប់ពីកើតហេតុការណ៍នោះភ្លាមៗ តារាឯកប្រុសលោក Ryan Reynolds មានវ័យ 40 ឆ្នាំ ដែលបានសម្ដែងជាតួ Deadpool បានបញ្ចេញនូវអារម្មណ៍សោកស្ដាយ និងទុក្ខសោកចំពោះការបាត់បង់តារាសម្ដែងស្រីម្នាក់នោះតាមរយៈសារនៅលើបណ្ដាញសង្គមធ្វីតធើរថា “នៅថ្ងៃនេះ យើងបានបាត់បង់សមាជិកក្រុមការងារម្នាក់ ខណៈកំពុងថតរឿង Deadpool 2 ។ យើងសោកស្តាយខ្លាំងណាស់ ស្ទើតែគាំងបេះដូងស្លាប់ ព្រោះមិននឹកស្មានថា មានករណីបែបនេះកើតឡើង។ សូមចូលរួមសម្តែងការសោកស្តាយ និងជាកម្លាំងចិត្តដល់ក្រុមគ្រួសាររបស់នាងផង”។
គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីដែលបានបាត់បង់ជីវិតនោះមានឈ្មោះថា Joy SJ Harris ត្រូវបានអ្នកដឹកនាំរឿងដាក់ឱ្យនាងសម្ដែងក្នុងឈុតជិះម៉ូតូធំជំនួសតារាឯកស្រី Zazie Beetz ព្រោះថា នាងគឺជាកីឡាការិនី និងជាអ្នកជំនាញខាងជិះម៉ូតូធំអាជីព ហើយនាងបានថតទាំងអស់ចំនួន 5 ឈុតរួចមកហើយ ក៏ប៉ុន្ដែដោយសារឈុតចុងក្រោយមួយនេះ តម្រូវឱ្យប្រើល្បឿនលឿនក្នុងការបើកបរ ធ្វើឱ្យមានការភ្លាត់ស្នៀតខាងបច្ចេកទេស ទើបបណ្ដាលឱ្យរងគ្រោះដល់ជីវិតនៅនឹងកន្លែងបែបនេះតែម្តង៕