ភ្នំពេញ – ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់ រក្សាសន្ដិសុខ ក៏ដូចជាការទប់ស្កាត់អំពើចោរកម្មក្នុងរាជធានីភ្នំពេញដែរនោះ ថ្មីៗនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមួយចំនួនបានចាប់ផ្ដើមបញ្ចេញសកម្មភាព ឬវិធានការក្ដៅក្នុងការចុះត្រួតពិនិត្យកុងស៊ីបញ្ចាំខុសច្បាប់ដែលគ្មានអាជ្ញាប័ណ្ណ និងកុងស៊ីទទួលបញ្ចាំរបស់ខុសច្បាប់។
ដោយមានការណែនាំពីរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងទប់ស្កាត់បទល្មើសចោរកម្ម បានតម្រូវឱ្យកុងស៊ីបញ្ចាំខុសច្បាប់ទាំងអស់ត្រូវផ្អាកដំណើរការ និងសុំច្បាប់ធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់។ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌនីមួយៗនឹងចាប់ផ្ដើមបញ្ចេញសកម្មភាពក្នុងការចុះត្រួតពិនិត្យជាបន្ដបន្ទាប់ហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបានLive ផ្ទាល់នូវសកម្មភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមួយចំនួន ដូចជាខណ្ឌទួលគោក និងខណ្ឌសែនសុខជាដើម ក្នុងការចុះបង្ក្រាបកុងស៊ីបញ្ចាំខុសច្បាប់។
គួរបញ្ជាក់ថា នេះមិនមែនជាវិធានការក្ដៅលើកទីមួយទេដែលរដ្ឋបាលសាលារាជធានីភ្នំពេញបានរៀបចំសណ្ដាប់ធ្នាប់ និងសុវត្ថិភាពបែបនេះនៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងសកម្មភាពនេះមានប្រជាពលរដ្ឋជាច្រើនបានសាទរជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ចង់ឃើញសកម្មភាពទាំងនេះ នៅតែបន្ដធ្វើឱ្យបានជាប់រហូតដូចភ្លៀងរលឹម ខណៈពេលដែលឯកឧត្ដម ឃួង ស្រេង ទើបតែឡើងកាន់តំណែងបានតែប៉ុន្មានខែប៉ុណ្ណោះ៕