សិស្សបោះបង់ការសិក្សាជាចំណុចអាទិភាពមួយដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំក្រសួងព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើយ៉ាងណាកាត់បន្ថយចំនួនសិស្សដែលបោះបង់ចោលការសិក្សា ដើម្បីបង្កើនចំនួនធនធានមនុស្សឱ្យកាន់តែកើនឡើងក្នុងសង្គម។
ការខិតខំប្រឹងប្រែងទាំងអស់នេះបានផ្តល់លទ្ធផលជាវិជ្ជមានជាច្រើនតាមរយៈការថយចុះនូវអត្រាបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សា តែចំនួនសិស្សដែលកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ នៅមានចំនួនច្រើននៅឡើយ។
យោងតាមសុចនាករ និងទិន្នន័យដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា 2015-2016 ដែលដកស្រង់ដោយអង្គការ UNICEF បានបង្ហាញឱ្យឃើញថា ចំនួនសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតអនុវិទ្យាល័យមានចំនួន 17% និងសិស្សវិទ្យាល័យមានចំនួនអ្នកបោះបង់ការសិក្សាប្រមាណ 19%។ ទិន្នន័យនេះជាចំនួនធំមួយនៅឡើយប្រសិនបើគិតពីចំនួនសិស្សសរុបនៅកម្ពុជាដែលមានចំនួនរាប់ម៉ឺននាក់។
ការបោះបង់ការសិក្សាត្រូវបានក្រសួងអប់រំ និងដៃគូនានាមើលឃើញថា មកពីកត្តាជាច្រើនដូចជា បញ្ហាថវិកា បញ្ហានៃការធ្វើដំណើរ និងបញ្ហាសេដ្ឋកិច្ចគ្រួសារ។ នៅពេលដែលសិស្សបានចូលរៀននៅថ្នាក់អនុវិទ្យាល័យ វ័យរបស់ពួកគេគឺជាវ័យដែលត្រូវបម្រើការងារនានាដើម្បីស្វែងរកចំណូលសម្រាប់ធ្វើការ ហេតុនេះការបោះបង់ចោលការសិក្សាសម្រាប់សិស្សនៅជនបទគឺនៅតែជាចំណុចប្រឈមមួយដែលត្រូវដោះស្រាយ៕