ខេម ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ពេលនេះបានសាកល្បងចេញរកស៊ីហើយ ដោយអាជីវកម្មដំបូងមួយនេះ បានប្រើដើមទុនរហូតជាង20ម៉ឺនដុល្លារឯណោះ។ មុខជំនួញដំបូងរបស់ ខេម មិនមែនជាអចលនទ្រព្យដូចថៅកែរបស់ខ្លួនឡើយ ពោលគឺលោកបានបើកជាភោជនីយដ្ឋាន(ផាប់) លក្ខណៈស្តង់ដារមួយ។
តារាចម្រៀងល្បីឈ្មោះរូបនេះ បានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឱ្យលោកសម្រេចចិត្តបើកភោជនីយដ្ឋាន(ផាប់) នេះ ក៏ព្រោះតែ លោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ។ ខេម បានបង្ហើបឲ្យដឹងថា T&Y Restaurant ដែលខ្លួនហ៊ានវិនិយោគលើកដំបូងនេះ បានប្រើទុនរហូតដល់ទៅជាង20ម៉ឺនដុល្លារឯណោះ ហើយមុខជំនួញនេះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយឡើយ គឺលោកបើកផ្ដាច់មុខតែម្ដង ប៉ុន្តែក្នុងនោះមានការប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ដែរ។ ការសម្រេចជ្រើសទីតាំងជិតវត្តសំរោងអណ្ដែត មកផ្ដើមអាជីវកម្មលើកដំបូងនេះ ខេម បានសិក្សាជាច្រើនឆ្នាំនឹងច្បាស់លាស់ ដោយលោកយល់ថា ម្ដុំនោះមានហាងច្រើន ប៉ុន្តែហាងបែប(ផាប់) មានប៊ែនច្រៀង មិនទាន់មាននៅឡើយទេ ដូចនេះការបើកនៅទីតាំងនេះ វាពិតជាងាយស្រួលដល់អតិថិជនដែលចង់សប្បាយបែបផាប់ មិនចាំបាច់ចូលកណ្ដាលទីក្រុងនោះទេ អាចមកកន្លែងលោកបាន។
ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នាតែងនិយាយជាការគួរសម។ T&Y Restaurant បានបើកលក់សាលល្បងប៉ុន្មានថ្ងៃមកហើយ ឃើញថា មានការគាំទ្រច្រើន ថ្ងៃសម្ពោធជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី07 ខែ វិច្ឆិកា ឆ្នាំ 2020 ខាងនេះ។ ភ្ញៀវកិត្តិយសដែលធ្វើខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ និងមានការ Discount យ៉ាងពិសេសជូនភ្ញៀវកិត្តិយសផងដែរ។ ទទឹមគ្នានោះដែរ ខេម ក៏បានស្នើដល់អ្នកគាំរបស់លោក ជាពិសេសអ្នកដែលរស់នៅតំបន់ហាងរបស់លោក មេត្តាចូលសាកល្បងមុខម្ហូប ស្ដាប់ភ្លេងហាងថ្មី របស់លោកឱ្យបានច្រើនកុះករផងដែរ៕