ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរកម្សាន្តទៅតំបន់ឆ្នេរសមុទ្រកំពត ឬកំពង់សោម តែងប្រាថ្នាបរិភោគបង្គាស្រស់ដែលដាក់លក់នៅទីនោះ ដោយគិតថាជាប្រភេទបង្គាដែលអ្នកនេសាទស្រង់មកថ្មីៗពីសមុទ្រគ្មានសារធាតុគីមី ប៉ុន្តែវាមិនមែនដូច្នោះទាំងអស់នោះទេ បង្គាមួយចំនួនត្រូវបានរកឃើញថា មានផ្ទុកទៅដោយសារធាតុគីមីហ្វ័រកម៉ុល(Formaline)ទៀតផង។
កាលព្រឹកថ្ងៃទី15 ខែសីហា ឆ្នាំ2017កន្លងទៅនេះ មន្ត្រីកាំកុងត្រូលសាខាខេត្តព្រះសីហនុបានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីបានបន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តលើអាហារសមុទ្រស្រស់(បង្គា មឹក) ប្រហិតចម្រុះ បន្លែ និងសរសៃគុយទាវដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារដែលដាក់តាំងលក់នៅក្នុងផ្សារលើក្នុងក្រុងព្រះសីហនុ។
ជាលទ្ធផល ការធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ មន្ត្រីជំនាញកាំកុងត្រូលបានរកឃើញ និងដកហូតបង្គាចំនួន13គីឡូក្រាមដែលមានដាក់លាយសារធាតុគីមី (Formaline) ហាមឃាត់និងបានឱ្យម្ចាស់បង្គាធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់សារធាតុគីមីនេះបន្តទៀត និងក្នុងករណីមិនរាងចាលនឹងអនុវត្តតាមផ្លូវច្បាប់ជាបន្ត។ ក្រោយពីធ្វើការដកហូតរួច ក្រុមការងារបានធ្វើការដុតកម្ទេចចោល ដោយមានការយល់ព្រម និងចូលរួមពីម្ចាស់ទំនិញផងដែរ។
គួរបញ្ជាក់ថា ជាទូទៅសារធាតុហ្វ័រកម៉ុល ហៅជាភាសាអង់គ្លេសថា Formaline នេះត្រូវបានគេប្រើប្រាស់ជាមួយសាកសពដើម្បីរក្សាសភាពទុកឱ្យបានយូរកុំឱ្យធំក្លិនសាយភាយ ប៉ុន្តែអាជីវករ និងជនខិលខូចមួយចំនួនបានយកសារធាតុហ្វ័រកម៉ុលនេះមកដាក់លើត្រីសាច់ដើម្បីរក្សាទុកបានយូរ កុំឱ្យស្អុយ ហើយប្រសិនបើអ្នកមិនដឹង ទទួលទានអាហារដែលផ្ទុកសារធាតុហ្វ័រកម៉ុលនេះចូលទៅ វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាព៕