គណនី YouTube មួយ ឈ្មោះថា PhoneBuff បានធ្វើតេស្តទម្លាក់ iPhone 12 និង iPhone 12 Pro ដើម្បីជាការពិសោធ ដែលបានចាប់ផ្ដើមដំបូង ដោយការទម្លាក់ខាងខ្នងទូរស័ព្ទមកមុន ក្នុងកម្ពស់ 1.5ម៉ែត្រ…លទ្ធផលគឺ iPhone 12 ប្រេះ ឬស្រាំ កញ្ចក់ខាងក្រោយ ខណៈដែល iPhone 12 Pro នៅមានរូបរាង និងទ្រង់ទ្រាយដូចដើមយ៉ាងល្អ។ បន្ទាប់មកទៀត គឺការធ្វើតេស្ត ដោយទម្លាក់ពីផ្នែកចំហៀង ដែលលទ្ធផលគឺ iPhone ទាំង2 បាននរងការឆ្កូតបន្តិចបន្តួចដូចគ្នា។
ក្រោយមកទៀត គឺការធ្វើតេស្តទម្លាក់ ដោយដាក់ខាងអេក្រង់ចុះក្រោមម្ដង ដែលជាលទ្ធផលឃើញថា កញ្ចក់ Ceramic Shield ពិតជាអាចការពារអេក្រង់ iPhone 12 បានយ៉ាងល្អ ដោយអេក្រង់ iPhone ទាំង2 នោះ មិនមានស្នាមប្រេះ ឬស្រាំ សោះឡើយ។
ដោយសារអេក្រង់ មិនមានប្រេះ ឬស្រាំសោះ ទើបត្រូវឈានចូលដល់ការធ្វើតេស្តបន្តទៀត ជាការធ្វើតេស្តទម្លាក់ពីកម្ពស់ទាបជាង 1.5ម៉ែត្រ និងទម្លាក់ចំនួន 10ដងជាប់ៗគ្នា។ ក្រោយពីទម្លាក់ 10ដងរួចមក គេសង្កេតឃើញថា អេក្រង់ iPhone 12 ទាំង 2ម៉ូដែលនោះ នៅតែមិនមានប្រេះស្រាំអ្វីដដែល។ ប៉ុន្តែកញ្ចក់ខាងក្រោយរបស់ iPhone 12 រងការប្រេះ និងស្រាំកាន់តែខ្លាំង រហូតធ្វើឱ្យកាមេរ៉ាក្រោយមានបញ្ហា។ នៅមិនទាន់អស់ចិត្តទេ… គេបានធ្វើតេស្ត លើកចុងក្រោយមួយទៀត ដោយការទម្លាក់ iPhone 12 ទាំង 2នោះ ទៅលើដុំថ្មស៊ីម៉ង់ត៍ម្ដង ហើយលទ្ធផល គឺនៅតែមិនអាចធ្វើឱ្យអេក្រង់ iPhone 12 ផ្លាស់ប្ដូរទ្រង់ទ្រាយដើមបានឡើយ។
សូមរំឭកដែរថា អេក្រង់ iPhone 12 ទាំង 4ម៉ូដែល ត្រូវបានការពារ ដោយកញ្ចក់ការពារបែបថ្មី ដែល Apple ឱ្យឈ្មោះថា Ceramic Shield ព្រមទាំងបានអះអាងទៀតថា វាអាចទ្រាំទ្រនឹងការធ្លាក់បានល្អប្រសើរជាងមុន រហូតដល់ទៅ 4ដងឯណោះ។
ការអះអាងរបស់ Apple នេះ បាននាំឱ្យកើតមានការចង់ដឹងថា តើអេក្រង់ iPhone 12 អាចទ្រាំទ្រនឹងការធ្លាក់ បានខ្លាំងដល់កម្រិតណា?។ ដូច្នេះហើយ ទើបមានការបង្កើតវីដេអូថ្មីៗជាច្រើន ដែលជាការធ្វើតេស្តលើអេក្រង់ iPhone 12 នេះ៕
សូមទស្សនាវីដេអូខាងក្រោម៖