ភ្នំពេញ៖ មិនមែនតែក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ ងាកមកខណ្ឌដូនពេញឯណេះវិញ ក្រុមការងារជំនាញខណ្ឌកាលពីម្សិលមិញនេះ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយបានវាយកម្ទេចសំណង់រឹងសង់រំលោភចំណីផ្លូវរបស់សណ្ឋាគារប៉ាស៊ីហ្វិកក្នុងសង្កាត់ផ្សារថ្មីទី2។
លោក ចាប ឌីណា នាយករងរដ្ឋបាលខណ្ឌដូនពេញដែលបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ និងរុះរើសំណង់សង់រំលោភចំណីផ្លូវខាងលើ និងបានណែនាំដល់ថ្នាក់គ្រប់គ្រងសណ្ឋាគារ កុំឱ្យសង់សំណង់រំលោភចំណីថ្នល់សាធារណៈដូច្នេះទៀត ចៀសវាងកុំឱ្យបង្កផលប៉ះពាល់ផ្សេងៗដល់សាធារណជនដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ។ ចំណែកគណៈគ្រប់គ្រងសណ្ឋាគារក៍បានឯកភាពចូលរួមវាយសំណង់រំលោភលើចំណីថ្នល់ខាងលើនោះចោលដែរ។
គួររំឭកដែរថា កាលពីថ្ងៃទី9 ខែសីហា ឆ្នាំ2017សាលារាជធានីបានណែនាំឱ្យខណ្ឌទាំង12 ក្នុងរាជធានីភ្នំពេញត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវដែលជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយឱ្យបាននូវភាពអនាធិបតេយ្យតាមដងផ្លូវ។ ដើម្បីឱ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរនេះ សាលារាជធានីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមអនុវត្តតាមសេចក្ដីណែនាំខាងក្រោមនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
មានវីដេអូ