ក្លិបទូកក្តោង Everton បានយល់ព្រមលើការផ្ទេរមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Gylfi Sigurdsson ពីក្លិប Swansea City ក្នុងតម្លៃខ្លួនប្រមាណជា 45លានផោន (ស្មើនឹង 58លានដុល្លារអាមេរិក)។
ខ្សែបម្រើអន្តរជាតិអ៊ីស្លង់រូបនេះ បានស៊ុតបាល់បញ្ចូលទី 9គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន13គ្រាប់ផ្សេងទៀតកាលពីរដូវកាលមុនដើម្បីជួយឲ្យក្រុម Swansea គេចផុតពីតំបន់កាត់ចោល។ Sigurdsson វ័យ27ឆ្នាំ នឹងទទួលការពិនិត្យសុខភាពនៅកីឡដ្ឋាន Goodison Park នាថ្ងៃពុធនេះ។
Sigurdsson នឹងក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ Everton តាមរយៈការបំបែកកំណត់ត្រាផ្ទេរក្នុងទឹកប្រាក់ 31.8លានផោនដែល Everton បានចំណាយទៅឲ្យក្លិប Chelsea ដើម្បីទិញខ្សែប្រយុទ្ធ Romelu Lukaku កាលពីឆ្នាំ2014។ ក្លិប Swansea បានស្នើសុំតម្លៃខ្លួន50លានផោនសម្រាប់ Sigurdsson កាលពីខែកក្កដា ក្រោយពីបានច្រានចោលសំណើមួយដែលមានតម្លៃជាទឹកប្រាក់40លានផោន ពីក្លិប Leicester។ បន្ទាប់មក ក្លិបរបស់វេលស៍មួយនេះ បានច្រានចោលសំណើក្នុងទឹកប្រាក់ដូចគ្នានេះពីក្លិប Everton ដែលបានចាប់អារម្មណ៍ទៅលើតារាឆ្នើមអន្តរជាតិអ៊ីស្លង់រូបនេះ អស់រយៈពេលច្រើនជាង1ឆ្នាំមកហើយ។
Spurs នឹងទទួលបានប្រាក់ចំណេញចំនួន10ភាគរយពីលក្ខខណ្ឌនៃការលក់ចេញទៅថ្ងៃអនាគត ក្រោយពីបានលក់ Sigudsson ទៅឲ្យក្លិប Swansea ក្នុងការព្រមព្រៀងគ្នាមួយដើម្បីធ្វើឲ្យពួកគេអាចនាំយកខ្សែការពារ Ben Davies និងអ្នកចាំទី Michel Vorm ទៅកាន់កីឡដ្ឋាន White Hart Lane៕
ប្រភពព័ត៌មាន៖ BBC