អ្នកសង្កេតការណ៍ប្រឡងមធ្យមសិក្សាទុតិយភូមិ ជាបុគ្គលសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរការនៃការប្រឡងទាំងមូល ព្រោះថា គាត់មានតួនាទីជាអ្នកឃ្លាំមើល ប្រមូលព័ត៌មាន និងធានាពីភាពច្បាស់លាស់ត្រឹមត្រូវរបស់គ្រប់ភាគីទាំងអស់ក្នុងការប្រឡង។
នៅឆ្នាំនេះ មានអ្នកសង្កេតការណ៍ប្រមាណជិត 5000 នាក់ មកពីបណ្តាស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងប្រទេសកម្ពុជា ដែលបានត្រៀមឃ្លាំមើលការប្រឡងនៅទូទាំងប្រទេសដែលនឹងធ្វើឡើងនៅថ្ងៃទី 21-22 ខែសីហា ឆ្នាំ2017។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា កន្លងមកយើងបានបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ប្រមាណជាង 4000នាក់ ដើម្បីឱ្យពួកគាត់យល់ដឹងអំពីការងារ និងតួនាទីរបស់អ្នកសង្កេតការណ៍ ក្នុងសម័យប្រឡងបាក់ឌុបខាងមុខ។
ឯកឧត្តម ឱម យិនទៀង បាននិយាយថា៖ «តួនាទីរបស់អ្នកសង្កេតការណ៍គឺមិនមែនជាតួឯកនោះទេ តួឯកគឺក្រសួងអប់រំ និងអនុរក្សឯណោះទេ ប៉ុន្តែគេមិនអាចខ្វះយើងបានដែរ»។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏បាន ស្នើសុំឱ្យអ្នកសង្កេតការណ៍ទាំងអស់រាយការណ៍តាមវិជ្ជាជីវៈនូវគ្រប់ព័ត៌មាន ដើម្បីឆ្លុះបញ្ចាំងដល់សង្គមឱ្យឃើញពីភាពត្រឹមត្រូវក្នុងមណ្ឌលប្រឡងដែលខ្លួនទទួលខុសត្រូវរៀងៗខ្លួន។ តួនាទីរបស់អ្នកសង្កេតការណ៍គឺ ជាអ្នកប្រមូលភស្តុតាងនានាដែលកើតឡើងក្នុងមណ្ឌលប្រឡង តែគ្មានសិទ្ធដកហូតសម្ភារពីបេក្ខជនប្រឡងឡើយ គឺមានសិទ្ធិត្រឹមតែថតរូប និងរាយការណ៍ព័ត៌មានពីអនុរក្ស និងបេក្ខជនប្រឡងណាដែលបំពានច្បាប់៕