មិនថាអ្នកធ្លាប់ឆ្លងកាត់សម្ព័ន្ធភាពស្នេហ៍មករាប់មិនអស់ ឬទើបតែចាប់ផ្ដើមក៏ដោយ តែការណាត់ជួបគ្នាលើកដំបូង គឺជារឿងមួយដែលលំបាកជានិច្ច។ សេចក្ដីស្នេហាប្រៀបដូចជាវាលព្រៃដ៏សែនស្មុគស្មាញដែលត្រូវការការយកចិត្តទុកដាក់ ជាពិសេសបំផុតក្នុងអំឡុងពេលដំបូងៗនៃការសេពគប់គ្នា…តែអូខេ! គន្លឹះល្អៗតទៅនេះ នឹងជួយឱ្យអ្នកកំលោះយើងទាំងឡាយអាចប្រែកាឡាខ្លួនទៅជាប្រុសស្នេហ៍ដ៏សែនល្អបានជានិរន្តរ៍។
1 . ចេះយល់ព្រម និងចុះញ៉ម
នរណាៗក៏ចង់បាននូវអ្វីដែលខ្លួនឯងត្រូវការដែរ តែនៅពេលឈានចូលទៅក្នុងសម្ព័ន្ធភាពស្នេហ៍ អ្នកនឹងបានដឹងថា ការសុខចិត្តចុះញ៉ម គឺជារឿងមួយសំខាន់បំផុត។ លើកឧទាហរណ៍រឿងងាយៗមួយ ដូចជាការជ្រើសរើសប្រភេទរបស់អាហារនៅក្នុងរាត្រីណាត់ជួបគ្នាលើកដំបូង បើលើកនេះគូស្នេហ៍របស់អ្នកជាអ្នកជ្រើសរើស លើកក្រោយក៏អាចជាតួនាទីរបស់អ្នកម្ដងដែរ។ ការរិះរកវិធីផ្សេងៗដើម្បីកាត់បន្ថយភាពជំទាស់គ្នា វានឹងជួយបន្ថែមសេចក្ដីសុខដល់សម្ព័ន្ធភាពស្នេហ៍ អ្នកមិនចាំបាច់ត្រូវចុះញ៉មតែម្នាក់ឯងនោះទេ តែការឆ្លាស់គ្នាចុះញ៉មម្ដងម្នាក់នឹងធ្វើឱ្យទាំងពីរនាក់មានសេចក្ដីសុខ។
2 . បង្ហាញភាពបារម្ភពីគ្នា
ទង្វើងាយៗ ដូចជាការផ្ញើសារខ្លីៗទៅនារីគូស្នេហ៍ថា “នឹកណាស់” ឬឆុងកាហ្វេឱ្យនៅពេលព្រឹក ក៏អាចធ្វើឱ្យគូស្នេហ៍របស់អ្នកមានអារម្មណ៍ពិសេសបានដែរ។ ក្រៅពីនេះថែមទាំងជាការពង្រឹងសរសៃសម្ព័ន្ធស្នេហ៍ឱ្យកាន់តែរឹងមាំទៀតផង។ សូម្បីតែពាក្យកោតសរសើរធម្មតាៗ ការចាប់កាន់ដៃនាងខណៈពេលដើរ ឬឱបគ្នាខណៈពេលបែកគ្នា ក៏សុទ្ធតែជាកាយវិការដែលបង្ហាញឱ្យគូស្នេហ៍បានដឹងថា អ្នកពិតជាបារម្ភពីនាងមែន។
3 . ទទួលស្ដាប់
ទោះជាការចរចាទំនាក់ទំនងជាអង្គប្រកបសំខាន់ក្នុងគ្រប់សម្ព័ន្ធភាពក៏ដោយ តែក៏មិនបានមានន័យថា អ្នកត្រូវតែនិយាយស្ដីដូចសត្វសារិកាកែវដែរ ជួនកាលអ្នកត្រូវបិទមាត់ និងអង្គុយស្ដាប់គូស្នេហ៍របស់អ្នកខ្លះផង កុំភ្លេចថា ការបានឮ និងការបានស្ដាប់ វាមិនដូចគ្នាទេ។ អ្នកមិនចាំបាច់ត្រូវផ្ដល់ពាក្យណែនាំដែលសម្បូរបែបដែលអាចកែបញ្ហាបានគ្រប់យ៉ាងនោះទេ ព្រោះពេលខ្លះគូស្នេហ៍គ្រាន់តែចង់ឱ្យអ្នកតាំងចិត្តស្ដាប់នាងធម្មតាៗប៉ុណ្ណោះ។
4 . បើកចិត្តទូលាយ
បើគូស្នេហ៍របស់អ្នកចូលចិត្តខ្សែភាពយន្តស្នេហាកំប្លុកកំប្លែង និងតែងតែបបួលអ្នកទៅមើលជាមួយគ្នាជានិច្ចនោះ អ្នកក៏គួរតែបើកចិត្តទូលាយ និងរកពេលទៅមើលឱ្យបានម្ដងដែរ។ ចំណុចល្អម្យ៉ាងរបស់ការសម្ព័ន្ធភាពស្នេហ៍ គឺការបានបបួលគូស្នេហ៍ទៅស្គាល់អ្វីដែលថ្មីៗ មិនថាតែប្រភេទខ្សែភាពយន្ត ឬប្រភេទម្ហូបអាហារនោះឡើយ។ យ៉ាងណាក៏ដោយ ចូរកុំបង្ខំចិត្តធ្វើនូវអ្វីដែលអ្នកមិនចូលចិត្ត…លើកលែងតែថា អ្នកមិនដែលបានសាកល្បងរឿងនោះពីមុនមកសោះ ដូច្នេះក៏គួរតែសាកមើលម្ដងឱ្យដឹងដែរណា៎…។
5 . គោរព និងយកចិត្តទុកដាក់រវាងគ្នានឹងគ្នា
បើមិនគោរពគ្នាទៅវិញទៅមកទេ ក៏កុំទៅសង្ឃឹមថានឹងមានសម្ព័ន្ធភាពដែលល្អនោះ! អ្នកត្រូវគោរពគូស្នេហ៍ និងអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងនាង។ អ្នកអាចមិនចូលចិត្តតន្រ្តី តែបើនាងចូលចិត្ត ដូច្នេះចូរគោរពគំនិតនោះទៅ ខណៈពេលជាមួយគ្នា អ្នកក៏គួរគោរពសម្ព័ន្ធភាពដទៃទៀតរបស់នាងផង ដូចជា ក្រុមគ្រួសារ ឬមិត្តភក្តិជាដើម។ អ្នកប្រហែលជាមិនចង់ដាក់លក្ខខណ្ឌជាមួយចំណាប់អារម្មណ៍ និងសម្ព័ន្ធភាពរបស់នាងទេ ព្រោះបើធ្វើដូច្នោះ ចុងក្រោយគូស្នេហ៍របស់អ្នកក៏នឹងចាប់ផ្ដើមសងសឹកវិញ ហើយសម្ព័ន្ធភាពស្នេហ៍ក៏ប្រហែលជាមិនយឺនយូរអង្វែងយ៉ាងពិតប្រាកដ៕