ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 23ឆ្នាំ បានជួបការខកចិត្តក្នុងការប្រកួតថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ2017 ក្រោយពីពួកគេបានរងបរាជ័យក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុមជម្រើសជាតិហ្វីលីពីន ក្នុងការប្រកួតក្នុងពូល B នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម23ឆ្នាំ បានចាប់ផ្តើមយ៉ាងល្អតាមរយៈការផ្តួលក្រុមជម្រើសជាតិទីម័រក្នុងលទ្ធផល 4-0 ក្នុងការប្រកួតពូល B ដូចគ្នានេះដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងហ្វីលីពីន បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំ ពិសេសក្នុងតំបន់ការពារ ខណៈដែលមិនមានក្រុមណាអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយក្នុងការប្រកួតនៅតង់ទី1។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិហ្វីលីពីន បានរកគ្រាប់បាល់នាំមុខមួយគ្រាប់ភ្លាមៗ ក្រោយពីលេងបានរយៈពេល6នាទី ក្នុងតង់ទី2 មុននឹងបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទីទី82។ ការខកចិត្តផ្សេងៗទៀតសម្រាប់កម្ពុជា បានកើតឡើងកាន់តែធំ ក្រោយពីខ្សែការពារជុំ ភីសា បានរងពិន័យកាតក្រហមនៅនាទីទី88។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិកម្ពុជា នៅសល់ការប្រកួតដល់ទៅ3លើកទៀតក្នុងពូលនេះ ដោយចាប់ផ្តើមតាមរយៈការធ្វើដំណើរទៅជួបក្រុមខ្លាំងវៀតណាម នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ចាប់ពីម៉ោង3រសៀលតទៅ។
ក្នុងការប្រកួតកាលពីថ្ងៃម្សិលមិញក្នុងពូលដូចគ្នានេះផងដែរ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានធ្វើការវាយបកដើម្បីតាមស្មើក្នុងលទ្ធផល 1-1 ពេលប្រកួតជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯក ថៃ៕