អ្នកធាត់ចង់ស្គម អ្នកស្គមចង់ធាត់! អ្នកណាៗក៏គិតដែរថាភាពធាត់ធ្វើឱ្យរាងកាយរបស់យើងមិនសូវស្អាត ប៉ុន្តែបើស្គមមានតែស្បែកដណ្តប់ឆ្អឹងនោះក៏មិនស្អាតដូចគ្នាដែរ។ យើងសង្កេតឃើញថាបច្ចុប្បន្ននេះការផ្សព្វផ្សាយអំពីវិធីសាស្ត្រធ្វើឱ្យទម្ងន់ស្រកចុះមានច្រើនណាស់ រហូតធ្វើឱ្យសុភាពបុរសសុភាពនារីមួយចំនួនដែលមានរូបរាងស្គមស្គាំងមានការពិបាកបន្តិចក្នុងការស្វែងរកវិធីដែលអាចជួយឱ្យខ្លួនឯងមានសាច់មានឈាមជាងមុន។ មែនហើយអ្នកអាចនឹងគិតថាដំណោះស្រាយនៃការធ្វើឱ្យធាត់គឺងាយបំផុត ព្រោះវាគ្មានអ្វីក្រៅពីការដែលខំទទួលទានឱ្យបានច្រើននោះទេ ប៉ុន្តែទន្ទឹមនឹងការទទួលទានឱ្យច្រើននេះ លោកអ្នកក៏ត្រូវទទួលទានអាហារដែលត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពផងដែរ ហើយសម្រាប់អាហារដែលទទួលទានហើយអាចធ្វើឱ្យអ្នកឡើងគីឡូ ព្រមទាំងប្រកបដោយសុខភាពល្អទៀតនោះមានដូចជា៖
សាច់ក្រហម : សាច់ក្រហមជាប្រភេទសាច់ដែលមានប្រូតេអ៊ីន ជាតិដែក និងកូឡេស្តូរ៉ូលខ្ពស់ដែលអាចធ្វើឱ្យទម្ងន់របស់អ្នកកើនឡើងយ៉ាងងាយ។ សូមកុំព្យាយាមចម្អិនសាច់ក្រហមជាមួយនឹងប្រេងឬខ្លាញ់មួយចំនួនដែលអាចនាំឱ្យជាតិខ្លាញ់មិនល្អកើនឡើង ប៉ុន្តែអ្នកអាចប្រើប្រេងអូលីវជំនួសវិញ។
ប៊័រសណ្តែកដី : សណ្តែកដីបានភ្ជាប់មកជាស្រេចនូវជាតិប្រូតេអ៊ីន ម៉ាញ៉េស្យូម ហ្វូលិកអាស៊ីត វីតាមីន B, E និងខ្លាញ់ ហើយវាស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ឡើងទម្ងន់តាមបែបធម្មជាតិ។ ប៊័រដែលផលិតចេញពីសណ្តែកដីមួយស្លាបព្រាមានកាឡូរីរហូតដល់100កាឡូរី។
ទឹកដោះគោសុទ្ធ : ដំណោះស្រាយធម្មតាៗមួយទៀតសម្រាប់អ្នកចង់ឡើងទង្ងន់គឺទទួលទានទឹកដោះគោដែលទឹកដោះគោនោះគឺជាទឹកដោះគោសុទ្ធ មិនមែនជាទឹកដោះគោដែលគេចម្រាញ់យកជាតិក្រែមចេញរួចនោះទេ។ ទឹកដោះគោជាប្រភពនៃវីតាមីន និងសារធាតុចិញ្ចឹម ដូច្នេះមិនថាអ្នកទទួលទានវាច្រើនប៉ុណ្ណាទេ គឺវានៅតែល្អសម្រាប់សុខភាពរបស់អ្នកជានិច្ច។
ផ្លែប៊័រ : ប៊័រជាប្រភេទផ្លែឈើដ៏ល្អបំផុតក្នុងការបន្ថែមជាតិខ្លាញ់ល្អចូលទៅក្នុងរបបអាហាររបស់អ្នក។ ផ្លែប៊័រត្រឹមតែមួយចំហៀងផ្លែមានកាឡូរីដល់ទៅ140កាឡូរី ហើយវាក៏ជាប្រភពនៃវីតាមីន និងជាតិរ៉ែ ហ្វូលិកអាស៊ីត និងប៉ូតាស្យូមផងដែរ។
ផ្លែឈើ : ជាពិសេសផ្លែឈើនៃតំបន់ត្រូពិច គឺពិតជាអាចជួយអ្នកក្នុងការឡើងទម្ងន់បាន ដូចជា ផ្លែស្វាយ ចេក ល្ហុង និងផ្លែម្នាស់ ផ្ទុកនូវជាតិស្ករធម្មជាតិយ៉ាងល្អ ដែលជួយឱ្យឡើងទម្ងន់បានដោយមិនចាំបាច់បារម្ភពីផលប៉ះពាល់នោះទេ។អាហារទាំងនេះជាប្រភពនៃថាមពលចំពោះរាងកាយរបស់អ្នក។ផ្លែឈើទាំងនេះជាបង្អែមធម្មជាតិដោយមិនចាំបាច់ត្រូវបន្ថែមស្ករឬជាតិផ្អែមណាទៀតនោះទេ។
ធញ្ញជាតិ : សណ្តែកដី កៅឡាក់ ស្វាយចន្ទី និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត សម្បូរទៅដោយជាតិខ្លាញ់ល្អ សារធាតុចិញ្ចឹម និងជាតិសរសៃ ដែលធ្វើឱ្យវាក្លាយជាជម្រើសនៃអាហារទទួលទានលេងកម្សាន្តមាត់ដ៏ល្អបំផុតសម្រាប់អ្នកចង់ឡើងទម្ងន់ ប្រកបដោយសុវត្ថិភាព។
ជាការពិតណាស់ដែលថា ការទទួលទានភេសជ្ជៈដែលមានរសជាតិផ្អែម ការទទួលទានអាហារប្រភេទ Fast Food អាហារបំពងជាដើម អាចជួយឱ្យអ្នកឡើងទម្ងន់ ប៉ុន្តែសូមចាំថាវាមិនមែនជាមធ្យោបាយល្អចំពោះសុខភាពនោះទេ។ សូមចាំថាវិធីល្អបំផុតគឺត្រូវតែឡើងទាំងទម្ងន់ ល្អទាំងសុខភាពរបស់អ្នកផង ទើបត្រឹមត្រូវ៕