សារព័ត៌មាន Economic Daily News បានចុះផ្សាយព័ត៌មានមួយ ពីក្រុមហ៊ុននៅតៃវ៉ាន់ថា ពួកគេអាចនឹងលក់ដាច់អស់ នូវរាល់ការកុម្ម៉ង់ទិញ iPhone 12 ក្នុងពេលវេលាត្រឹមតែ 45នាទីប៉ុណ្ណោះ ប៉ុន្តែមិនច្បាស់ថា បានចំនួនប៉ុន្មានគ្រឿងនោះទេ ក្រោយពីការប្រកាសចេញ iPhone 12 ឆ្នាំ2020 កាលពីប៉ុន្មានថ្ងៃមុន។
ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទនៅតៃវ៉ាន់នោះ ក៏បានបង្ហាញការជឿជាក់ថា ត្រកូល iPhone 12 នឹងអាចលក់ដាច់បានច្រើន បែបមិនធ្លាប់មាន រាប់ចាប់តាំងពីជំនាន់ iPhone 6 និង 6 Plus មក។
នៅសហរដ្ឋអាមេរិក ឯណោះវិញ ក្រោយការកុម្ម៉ង់ទិញបានចាប់ផ្ដើម មិនដល់កន្លះម៉ោងផង ការកុម្ម៉ង់ទិញ iPhone 12 Pro ក៏អស់ពីស្ដុករលីង។ គេបានសន្និដ្ឋានទៅលើការដឹកជញ្ជូនថា អាចនឹងអូសបន្លាយដល់ខែវិច្ឆិកា ឬធ្នូឯណោះ ទម្រាំនឹងស្តុកថ្មីមកដល់។
សារព័ត៌មានដដែល ក៏បានអះអាងដែរថា ដៃគូផ្គត់ផ្គង់របស់ Apple មានក្រុមហ៊ុន Foxconn និង Pegatron បានផ្ដល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ដល់បុគ្គលិកដែលដំឡើង iPhone ជំនាន់ថ្មី ដើម្បីបំពេញតម្រូវការអ្នកចង់កុម្ម៉ង់ទិញ iPhone 12 ឱ្យបានទាន់ពេលវេលា។
ជម្រាបជូនថា កាលពីឆ្នាំ2014 ដោយសារការបំពាក់អេក្រង់ទំហំធំ ជាលើកដំបូងមិនធ្លាប់មាន នៅលើ iPhone ពេលនោះ iPhone 6 និង iPhone 6 Plus បានជួយឱ្យក្រុមហ៊ុន Apple លក់ស្មាតហ្វូនទាំង 2ម៉ូដែលនេះ បានដល់ទៅ 135.6លានគ្រឿង ក្នុងរយៈពេលត្រឹមតែ 2ត្រីមាសដំបូងនៃការចេញលក់ឆ្នាំ2014៕