Austin Russell អាយុ25ឆ្នាំ ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុនថ្មី Luminar ជិតបានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតម្នាក់ក្នុងពិភពលោកដែលរកស៊ីមានបានតាំងពីបាតដៃទទេ។
យោងតាមសេចក្ដីប្រកាសផ្ដល់សិទ្ធិកាលពីថ្ងៃទី19តុលា កំលោះ Russel នឹងកាន់កាប់មូលបត្រចំនួន104.7លានហ៊ុន ស្មើនឹង35% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Luminar ដែលបច្ចុប្បន្នមានតម្លៃឡើងដល់1.1ពាន់លានដុល្លារអាមេរិក ក្រោយពីក្រុមហ៊ុននេះបានចូលផ្សារហ៊ុន។
កំលោះដែលបានបោះបង់ការសិក្សានៅសាកលវិទ្យា Stanford នេះ ក៏ត្រូវបានគេជឿថានឹងកាន់កាប់ភាគហ៊ុនប្រមាណ83%ទៀត នៅក្នុងក្រុមហ៊ុនផលិតរថយន្តគ្មានមនុស្សបើក Gores Metropoulos ផងដែរ បន្ទាប់ពី Luminar ត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុននេះ។ ការជួញដូរនេះបានអនុញ្ញាតឱ្យ Russell គ្រប់គ្រងរាល់ការតែងតាំងនៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន និងធ្វើការសម្រេចចិត្តលើកិច្ចការសំខាន់ៗដើម្បីដាក់ជូនម្ចាស់ហ៊ុនអនុម័ត។
Russell បង្កើត Lumini កាលពីឆ្នាំ2012។ ក្រុមហ៊ុនដែលមានករិយាល័យកណ្ដាលនៅ Orlando នេះ ផលិតឧបករណ៍វិញ្ញាណសិប្បនិម្មិតដែលមានជំនាញខាងចាប់កាំរស្មី និងរយៈចម្ងាយ (ឬហៅថា lidar) ដោយប្រើប្រាស់ឡាស៊ែរដើម្បីនាំផ្លូវឱ្យរថយន្ត។ ប្រព័ន្ធចាប់សញ្ញានេះតែងមានតម្លៃខ្ពស់ ហើយ Luminar បានក្លាយជាក្រុមហ៊ុនលេចធ្លោជាងគេក្នុងចំណោមក្រុមហ៊ុនថ្មីដែលពោរពេញដោយសមត្ថភាពប្រកួតប្រជែង ដោយសារការកាត់បន្ថយការចំណាយ។
ក្នុងចំណោមអ្នកដែលបាននិងកំពុងគាំទ្រ Luminar ក៏មានឈ្មោះ Peter Thiel ផងដែរ ដែលជាម្ចាស់ជំនួយផ្នែកហិរញ្ញវត្ថុរបស់ Russell តាំងពីគាត់មានអាយុ17ឆ្នាំ ដើម្បីបង្កើតក្រុមហ៊ុន។ ក្រុមហ៊ុនរបស់ Russell មានដៃគូដ៏ធំមួយ នោះគឺ Volvo Car AB ជាក្រុមហ៊ុនមួយដែលនឹងប្រើប្រាស់បច្ចេកវិទ្យារបស់ Luminar ដើម្បីអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តសម្រាប់ធ្វើដំណើរលើដងផ្លូវល្បឿនលឿនចាប់ពីឆ្នាំ2022។
មូលបត្ររបស់ Luminar នឹងត្រូវបានដាក់ឱ្យជួញដូរនៅលើផ្សារហ៊ុន Nasdaq ដោយប្រើកូដឈ្មោះ LAZR បន្ទាប់ពីដំណើរច្របាច់បញ្ចូលគ្នាជាមួយនឹង Gores Metropoulos ដែលនឹងប្រព្រឹត្តទៅនៅក្នុងត្រីមាសទីបួនខាងមុខ ត្រូវបានបញ្ចប់ជាស្ថាពរ៕
ប្រភព៖ Bloomberg