កាលពីពេលថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បន្ទាប់បានគៀងគរអំណោយទាំងក្នុងនិងក្រៅស្រុកយកទៅចែកបងប្អូនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ស្ពឺ មិនទាន់បាត់ហត់ផង ស្រាប់តែប្រកាសថា នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ លោក នឹងនាំយកអំណោយទៅចែកជូនកុមារកំព្រា បន្ថែមទៀតទុកជាកាដូ សម្រាប់ខ្លួនឯងនៅថ្ងៃកំណើត។
តារាចម្រៀងរូបនេះបានប្រកាសថា ឆ្នាំនេះមិនបានរៀបចំកម្មវិធីធំដុំ អ្វីទេ ពោលលោកបានចំណាយថវិកា សម្រាប់ជប់លៀង យកទៅបង្វែរមកជាកម្មវិធីចែកអំណោយដល់កុមារកំព្រាវិញម្តង ព្រោះតែលោកបានមើលឃើញថា ការជួយគ្នាក្នុងគ្រាលំបាក គឺជាសេចក្តីសុខផ្លូវចិត្តដែលលោកត្រូវតែធ្វើ។
លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «រួមគ្នា ដើម្បី កំពង់ស្ពឺ…. ចាស់ហើយ ចង់ធ្វើបុណ្យ….សម្រេចចិត្តក្នុងថ្ងៃ ២០.១០.២០២០ នេះតែម្តង… ឆាប់ៗនេះ….ខ្ញុំនឹងនាំ សម្ភារៈ ស្បៀងអាហារ អង្ករ និង ថវិកា មួយចំនួន ដើម្បីចុះផ្ទាល់ ផ្តល់ជូន ប្អូនៗដែលជាកុមារកំព្រា ដែលកំពុងរស់នៅ មណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ នៅខាងក្រោយវត្តព្រៃជុំ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ….បងប្អូនអាចចូលរួមជាសម្ភារៈ និង ថវិកា ជាមួយខ្ញុំបាទ..។
លោក ករុណា ពេជ្រ បានប្រាប់ថានេះ ជាទឹកចិត្តបន្តិចបន្តួចដើម្បីផ្តល់ភាពកក់ក្តៅ ដល់កុមារកំព្រា ម្យ៉ាងក៏ចង់ធ្វើបុណ្យសន្សំកុសលអោយបានច្រើន ព្រោះមនុស្សម្នាក់ៗមិនទៀងទាត់ពេលវេលានោះទេ អីចឹងទាន់មានពេលវេលាឱកាស ត្រូវតែចែករំលែកឱ្យហើយ៕