នៅក្នុងគ្រាដែលវិបត្តិសុខភាពពិភពលោក បាននិងកំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ត្រូវប្រកាសក្ស័យធន និងគូប្រជែងសំខាន់ៗមានគម្រោងបិទហាង ក្រុមហ៊ុន Uniqlo របស់អតីតបុគ្គលិកផ្សារ Aeon នៅតែបន្តរកស៊ីបានដោយរលូន។
ថ្មីៗនេះ លោក Tadashi Yanai ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo បានផ្ដល់បទសម្ភាសមួយជាមួយនឹងសារព័ត៌មាន Nikkei Asia។ ក្នុងបទសម្ភាស អតីតបុគ្គលិកផ្សារ Aeon រូបនេះ ស្លៀកពាក់យ៉ាងសាមញ្ញជាទីបំផុត បើទោះលោកជាមហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុន និងជាម្ចាស់បណ្ដាញផ្សារលក់រាយសម្លៀកបំពាក់ក៏ដោយ។
លោក Tadashi Yanai ត្រូវបានទស្សនាវដ្ដី Forbes ផ្ដល់ចំណាត់ថ្នាក់ជាអ្នកមានជាងគេបង្អស់នៅប្រទេសជប៉ុន។ បច្ចុប្បន្ន នៅប្រទេសជប៉ុន គេជឿថា មិនមានអ្នកណាមួយដែលមិនទាន់បានប្រើប្រាស់ ឬទិញផលិតផលរបស់ Uniqlo នោះឡើយ។ Uniqlo បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅចំពោះមុខវិបត្តិCovid-19 ក្នុងគ្រាដែលក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ដទៃ កំពុងជួបការលំបាកខ្លាំង ឬប្រកាសក្ស័យធន។
ទាក់ទងនឹងយុទ្ធសាស្ត្រទីផ្សារ លោក Tadashi Yanai បានសរសេរនៅក្នុងសៀវភៅមួយក្បាលកាលពីឆ្នាំ2003ថា៖ “សម្លៀកបំពាក់ធម្មតា អាចស្លៀកពាក់គ្រប់ពេល គ្រប់ទីកន្លែង គ្រប់គ្នា និងតាមចិត្ត”។ “បើសិនជាយើងអាចលក់សម្លៀកបំពាក់សាមញ្ញសម្រាប់បុរស និងស្ត្រី ក្នុងបរិមាណច្រើន នោះនឹងជាជោគជ័យដ៏ធំធេង”។ ទាំងនោះគឺជាចក្ខុវិស័យ ឬជាត្រីវិស័យរបស់លោក តាំងពីទសវត្សរ៍ឆ្នាំ1980 នៅពេលដែលលោកបើកហាង Uniqlo ទីបួន។ បច្ចុប្បន្ន Uniqlo មានហាងលក់សម្លៀកបំពាក់ចំនួនជាង2,200កន្លែងនៅទូទាំងពិភពលោក។
លោក Tadashi Yanai និយាយថា៖ “វាហួសសម័យហើយដែលគ្រប់គ្នាប្រឹងប្រែងដើម្បីធ្វើឱ្យលេចធ្លោនូវជីវភាពសម្ភារនិយម។ ខុសពីមុន ជាពេលដែលគ្រប់គ្នាស្លៀកពាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ពេលនេះ គ្រប់គ្នាចង់បានឈុតខោអាវដែលអនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវភាពដែលមានគុណភាពខ្ពស់”។
ជាមួយនឹងការយល់ឃើញខាងលើ សម្លៀកបំពាក់ LifeWear របស់ក្រុមហ៊ុន Uniqlo បានក្លាយជាផលិតផលដែលសមស្របយ៉ាងពិសេសទៅនឹងវិបត្តិសុខភាពនៅក្នុងឆ្នាំនេះ៖ ម៉ាស់ដែលអាចឱ្យខ្យល់ចេញចូលបានល្អ ខោកីឡាដែលសមស្របនឹងបរិយាកាសចត្តាឡីស័ក ឬការនៅដាច់ដោយឡែកពីគេឯងដើម្បីទប់ស្កាត់ការឆ្លងវីរុសជាដើម។ល។ ក្រុមហ៊ុនរបស់លោក Tadashi Yanai ក៏កំពុងតែដាក់លក់ផលិតផលសម្រាប់អ្នក “ធ្វើការពីផ្ទះ” ផងដែរ។
លោក Tadashi Yanai បាននិយាយប្រាប់សារព័ត៌មាន Nikkei Asia ថា៖ “Covid-19 គឺជាវិបត្តិធំសម្រាប់បណ្ដាក្រុមហ៊ុនក្នុងពិភពលោក ប៉ុន្តែ វាក៏ជាឱកាសដ៏ធំផងដែរ។ បណ្ដាក្រុមហ៊ុនជោគជ័យ តែងតែរួចផុតពីវិបត្តិ”។
Covid-19 បានសម្លាប់ក្រុមហ៊ុនជាច្រើននៅក្នុងវិស័យលក់រាយសម្លៀកបំពាក់។ Brooks Brothers, J-Crew និង J.C. Penney ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនរាប់រយដែលបានប្រកាសក្ស័យធន ខណៈដែល Fast Retailing ក៏ត្រូវបិទទ្វារហាងបណ្ដោះអាសន្ននៅទូទាំងពិភពលោក។
ប៉ុន្តែ Uniqlo បានរួចពីការស្លាប់ ដោយសារតែមានការគាំទ្រពីអតិថិជន។ Akari Ono អាយុ27ឆ្នាំ បាននិយាយថា នាងបានទិញសម្លៀកបំពាក់ជាញឹកញាប់ពីហាង Uniqlo។ នាងបន្ថែមថា ផលិតផលរបស់ Uniqlo “មានតម្លៃសមរម្យ និងពិសេសវាមានប្រយោជន៍ច្រើន ព្រោះខ្ញុំមិនបានចេញក្រៅផ្ទះញឹកញាប់ដូចមុននោះទេនៅក្នុងឆ្នាំនេះ”។
កាលពីខែមិថុនា ប្រាក់ចំណូលរបស់ Uniqlo នៅជប៉ុន បានកើនឡើង26% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2019។ លោក Yanai នៅតែជឿជាក់ទៅលើហាងលក់បែបបុរាណដដែល ប៉ុន្តែ ត្រូវគួបផ្សំនឹងវិធីសាស្ត្រលក់អនឡាញ។
ថាមពលនៃតម្លៃ
ជីវិតរបស់មហាសេដ្ឋីលំដាប់ទីមួយនៅជប៉ុនរូបនេះ មិនដែលចាកចេញពីវិស័យលក់រាយនោះទេ។ បន្ទាប់ពីបានរៀនចប់នៅឆ្នាំ1972 លោក Yanai ក៏បានចូលធ្វើការនៅក្នុងផ្សារទំនើប Aeon ហើយក្រោយមកក៏បានទៅធ្វើការនៅក្នុងក្រុមហ៊ុនសម្លៀកបំពាក់ដែលឪពុករបស់គាត់ជាអ្នកបង្កើតឡើងនៅក្នុងខេត្ត Yamaguchi។ លោក Yanai បានបើកហាង Uniqlo ដំបូងបង្អស់របស់ខ្លួននៅក្នុងឆ្នាំ1984 និងបើកហាងទីមួយនៅទីក្រុង Tokyo ក្នុងឆ្នាំ1998។
កាលណោះ Uniqlo គ្រាន់តែជាហាងមួយដែលតំណាងឱ្យសម្លៀកបំពាក់តម្លៃទាបតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រការនេះបានជួយឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន កើនឡើង5ដង រាប់ចាប់ពីឆ្នាំ1998ដល់ឆ្នាំ2001។ Takahiro Kazahaya អ្នកវិភាគមកពីក្រុមហ៊ុន Credit Suisse Securities បានឱ្យដឹងថា ចាប់តាំងងពីទើបត្រូវបានបង្កើតឡើង កម្លាំងរបស់ Fast Retailing (ក្រុមហ៊ុនមេរបស់ Uniqlo) តែងតែកំណត់តម្លៃយ៉ាងសមរម្យសម្រាប់ផលិតផលមូលដ្ឋាន។
Takahiro Kazahaya បន្តថា លោក Yanai បាន “ដាក់ចេញនូវបេសកកម្មយ៉ាងច្បាស់លាស់សម្រាប់ក្រុមហ៊ុន នោះគឺការផ្គត់ផ្គង់ខោអាវដែលមានតម្លៃទាបជាងគេ និងងាយស្រួលប្រើប្រាស់ជាងគេ សម្រាប់គ្រប់គ្នា និងកំពុងតែធ្វើនូវអ្វីដែលចាំបាច់សម្រាប់ដើរទៅដល់គោលដៅដែលបានកំណត់”។
អាថ៌កំបាំងអំពីការកំណត់តម្លៃទាបរបស់ Uniqlo មួយផ្នែកគឺអាស្រ័យទៅលើការបញ្ជាទិញផលិតផលក្នុងបរិមាណច្រើនពីវិស័យកាត់ដេរ។ ប្រការនេះក៏ជួយឱ្យក្រុមហ៊ុន មានទឹកមាត់ប្រៃសម្រាប់ជជែកជាមួយភាគីរោងចក្រកាត់ដេរផងដែរ។
យោងតាមអ្នកវិភាគ Kazahaya តុលភាពរវាងគុណភាពនិងតម្លៃ ត្រូវបានអ្នកប្រើប្រាស់ទទួលយក ដែលនេះបានជួយឱ្យក្រុមហ៊ុនដណ្ដើមបានចំណែកទីផ្សារមួយយ៉ាងធំនៅអាស៊ី ហើយប្រការនេះក៏នៅតែមិនប្ដូរផ្លាស់ បើទោះស្ថិតក្នុងវិបត្តិសុខភាព។
Fast Retailing រកបានចំណូលសរុប 20.7ពាន់លានដុល្លារអាមេរិក និងចំណេញ1.4ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់កាលពីខែសីហា2019។
នៅតែបន្តវិវឌ្ឍន៍ខ្លួន
ដើម្បីទប់ទល់នឹង Covid-19 លោក Yanai នឹងធ្វើការកែសម្រួលមួយចំនួនទៅលើហាងបែបបុរាណរបស់ខ្លួន។ ក្នុងចំណោមហាងជាង800នៅជប៉ុន ដែលជាទីផ្សារធំបំផុតរបស់ Uniqlo នឹងមានហាងប្រមាណ1/3 ត្រូវកែប្រែមុខមាត់ថ្មី ទាក់ទងនឹងការតុបតែង ឬទីតាំង។
លោក Yanai ថ្លែងថា៖ “មានការប្ដូរផ្លាស់មួយនៅក្នុងទម្លាប់រស់នៅរបស់អ្នកប្រើប្រាស់ នោះគឺពួកគេទិញទំនិញនៅក្នុងតំបន់ក្បែរខាង។ លោកថា នឹងមានហាងកាន់តែច្រើន វាយលុកទីផ្សារជនបទនាពេលខាងមុខ។ Fast Retailing ក៏បានអះអាងថា ខ្លួនកំពុងតែបង្កើនល្បឿននៃការពង្រីកខ្លួនទៅក្នុងទីផ្សារខាងលើ និងទីផ្សារអនឡាញផងដែរ៕
ប្រភព៖ Nikkei Asia