នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងចូលមកដល់ សិស្សទាំងអស់នៅទូទាំងប្រទេសដែលត្រៀមខ្លួនប្រឡងកំពុងមមាញឺកក្នុងការសម្រុកអានសៀវភៅ ឬមើលមេរៀនបើទោះបីជាការមើលបែបនេះពិបាកចងចាំល្អក៏ដោយ។
ដើម្បីជួយសម្រួលដល់ការត្រៀមប្រឡងបាក់ឌុបដែលសល់រយៈពេលខ្លីបំផុតនេះ សិស្សពូកែមួយចំនួនបានរួមគ្នាចែករំលែកបទពិសោធជីវិតរបស់ខ្លួនដើម្បីជួយជាវិធីសាស្ត្រជំរុញឱ្យសិស្សនៅកម្ពុជាអាចប្រឡងបានល្អ។
លោក ចេង បូរិទ្ធ អតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាបានលើកឡើងថា ចំពោះស្ថានភាពកៀកថ្ងៃប្រឡងខ្លាំង ឬសល់តែ 2 ឬ 3 ថ្ងៃមុនពេលប្រឡងយើងគួរកំណត់កាលវិភាគរំឭកមេរៀនឱ្យបានច្បាស់ដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងថា កុំបារម្ភ ហើយកុំភ័យ ព្រោះមេរៀននឹងត្រូវរំឭកទាំងអស់តាមលំដាប់លំដោយ។ បន្ទាប់មកចាប់ផ្តើមសង្ខេបមេរៀនដោយការគូស Mind Maps (គំនូសសង្ខេបខ្លីៗ) ព្រោះនៅពេលដែលយើងបានឃើញគំនូសតភ្ជាប់ហេតុផលនៃមេរៀនជាប់ៗគ្នាគឺធ្វើឱ្យខួរក្បាលឆាប់យល់ និងចំណេញពេលវេលាច្រើន។ បន្ទាប់ពីបង្កើត Mind Maps ហើយយើងអាចធ្វើលំហាត់ប្រាណងាយៗដែលមិនប៉ះពាល់ដល់សុខភាពដូចជាការហែលទឹក ជិះកង់ ឬសមាធិដើម្បីឱ្យអារម្មណ៍ស្ងប់ល្អ និងសម្រាកឱ្យបានល្អដើម្បីយកថាមពលប្រឡងនៅថ្ងៃប្រឡងជាក់ស្តែង។
ស្រដៀងគ្នានេះដែរ អតីតសិស្សពូកែនិទ្ទេស B+ លោក នាង កុសល បានប្រាប់ថា ការប្រឡងបាក់ឌុបជារឿងសំខាន់ ហេតុនេះវិធីសាស្ត្រដែលអាចធ្វើទៅបានគឺ សិស្សគួរប្រជុំគ្នាដើម្បីជជែកពីចំណុចដែលមិនទាន់ច្បាស់លាស់នៅក្នុងមេរៀននីមួយៗ។ ការជជែកគ្នានេះ អាចធ្វើឱ្យសិស្សងាយចងចាំផងដែរ ក្នុងករណីដែលពេលវេលាកៀកខ្លាំង ព្រោះថាគាត់អាចអាន មើល ស្តាប់ និងពិភាក្សាក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត បន្ទាប់ពីជជែកពិភាក្សា ហើយយល់ពីចំណុចសំខាន់ៗហើយ ពួកគេគួរសរសេរទុកជាសេចក្តីសង្ខេបដាក់ក្នុងក្រដាសព្រាងដើម្បីគ្រប់គ្រងមេរៀនឱ្យបានល្អ ហើយក៏ដើម្បីបង្កើនទំនុកចិត្តខ្លួនឯងដែរថា យើងអាចគ្រប់គ្រងស្ថានការណ៍បានមុនពេលប្រឡង៕