ភ្នំពេញៈ នៅទីបំផុតមានដំណឹងល្អមួយទៀតហើយសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញដោយផ្សារទំនើប Parkson Mall ដែលមានកម្ពស់9ជាន់ និងរៀបចំតាមស្តង់ដាអន្តរជាតិនឹងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនេះហើយ។
លោក ROFY OTHSMAN នាយកគ្រប់គ្រងផ្សារទំនើប Parkson Mall នៅទីក្រុងភ្នំពេញបានថ្លែងឲ្យដឹងនៅការិយាល័យរបស់លោកកាលពីម្សិលមិញនេះថា ផ្សារទំនើបនេះបានបើកដំណើរការសាងសង់កាលពីចុងឆ្នាំ2012 ដែលមានគោលដៅមិនត្រឹមតែធ្វើជាកន្លែងកម្សាន្ត និងដើរទិញទំនិញរបស់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ តែវាជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ ពិសេសផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋបានប្រមាណជាជាង4,000នាក់ក្នុងមួយថ្ងៃ ព្រោះអគារផ្សារទំនើបនេះមានទំហំ165,000ម៉ែត្រការ៉េ បូកទាំងសណ្ឋាគារជាង50,000ម៉ែត្រការ៉េ និងមានបន្ទប់ជាង400បន្ទប់ ស្មើនឹង22ម៉ឺនម៉ែត្រការ៉េទៀតផង។
លោកបន្តថា ទេសចរដែលមកកម្ពុជា ពួកគេមិនត្រឹមតែអាចមកកម្សាន្តនិងអាចដើរទិញទំនិញប៉ុណ្ណោះទេ តែផ្សារទំនើបនេះថែមទាំងជាផលិតផលមួយដែលទាក់ទាញភ្ញៀវទេសចរ ហើយរដ្ឋាភិបាលក៏ទទួលបានចំណូលពន្ធច្រើនផងដែរ។
ផ្សារនេះនឹងបើកចាប់ពីម៉ោង9ព្រឹកដល់ម៉ោង10យប់ និងកន្លែងកម្សាន្តបើករហូតដល់ម៉ោង2ទៀបភ្លឺ ដោយសារផ្សារនេះមានរោងភាពយន្តចំនួន9 មានកន្លែងហាត់ប្រាណលេងបូវ៍លីងដល់ទៅ30លេន និងមានសេវាកម្សាន្តជាច្រើនទៀត ពិសេសការរៀបចំតុបតែងធ្វើឡើងតាមស្តង់ដារអន្តរជាតិទាំងអស់។ ផ្សារនេះអាចចតរថយន្តបានប្រមាណ1,500គ្រឿង និងម៉ូតូ3,000គ្រឿង។
លោក ROFY OTHSMAN បានបន្តឲ្យដឹងថា ជាន់ក្រោមនៃផ្សារទំនើបនេះជាSuper Market ជាន់ទី1ជាកន្លែងលក់គ្រឿងក្រអូបទូទៅ ជាន់ទី2ជាកន្លែងលក់គ្រឿងក្រអូបសម្រាប់នារី ជាន់ទី3ជាកន្លែងលក់សម្លៀកបំពាក់ ជាន់ទី4ជាកន្លែងលក់សម្លៀកបំពាក់បុរស និងគ្រឿងប្រើប្រាស់ផ្សេងៗទៀត ជាន់ទី5ជាកន្លែងលក់ម្ហូបអាហារ និងភេសជ្ជៈ ជាន់ទី6ជាកន្លែងលក់គ្រឿងអេឡិចត្រូនិក ជាន់ទី៧ជាកន្លែងលក់សម្ភារព័ត៌មានវិទ្យា មានដូចជាទូរស័ព្ទ ជាដើម ជាន់ទី8ជាកន្លែងលក់គ្រឿងសង្ហារិមផ្សេងៗសម្រាប់លំនៅដ្ឋាន និងជាន់ទី9ជារោងភាពយន្ត និងកន្លែងលេងបូវ៍លីង ជាដើម។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី1ឆ្នាំនេះ អត្រាប្រើប្រាស់ផ្សារទំនើបបានកើនឡើងចន្លោះពី20ទៅ30ភាគរយក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតម្លៃជួលមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ដោយតម្លៃជួលផ្សារកម្រិតAមានតម្លៃចន្លោះ35ទៅ40ដុល្លារ កម្រិតBមានតម្លៃចន្លោះពី25ទៅ30ដុល្លារ និងកម្រិតCមានតម្លៃចន្លោះពី12ទៅ25ដុល្លារក្នុងមួយម៉ែត្រការ៉េ៕