ភ្នំពេញៈ នៅក្នុងពេលថ្មីៗនេះស្រាប់តែឃើញ តារាចម្រៀងស្រីអូរីជីណល់សង អ្នកនាង អេដា បានបើកអាជីវកម្មលក់សក់-តសម្រាប់ស្រ្តីដែលបានប្រកាសលក់ពេញតាម Instagram ឆ្លៀតពេលទំនេរពីការងារ សិល្បៈ ថែមទាំងអះអាងថាសក់ពិត មានគុណភាពខ្ពស់នាំមកពីអាមេរិក។
តារាចម្រៀងស្រីទើបតែបានវិលត្រឡប់មកកាន់វិស័យសិល្បៈចម្រៀងវិញ បន្ទាប់ពីបាត់មុខមួយរយៈ និងបាននាំបទចម្រៀងអូរីជណល់ថ្មីៗមួយចំនួន ដែលស្រូបអ្នកគាំទ្រយ៉ាងច្រើនជាមួយនឹងបទដូចជា «ទីនេះមានមនុស្សខូចចិត្ត» បទ «ភ្លើង» និងបទ «ពីរនាក់បានហើយ» មានឈ្មោះពិត ក្រូច ចរិយា ហៅ អេដា ក៏បានបង្ហើបឲ្យដឹងពីដំណើរការនៃការបើកអាជីវកម្មលក់សក់ពិតនេះថា៖ «ប្រសិនបើ ដំណើរការលក់ដូរវិញទើបតែបានជាង ១០ ថ្ងៃប៉ុណ្ណោះ ខណៈការសិក្សាលើទីផ្សារនៃអាជីវកម្មមួយនេះ នាងខ្ញុំបានចំណាយពេលដល់ទៅចំនួនបីខែ ឯណោះទើបសម្រេចចិត្តថា ចាប់ផ្តើមដំណើរការធ្វើ ហើយពេលនេះ មានអ្នកកម្ម៉ង់ទិញចំនួនជាង ២០ នាក់បណ្តើរៗហើយដែរបង»។
អេដា ក៏ប្រាប់ពីមូលហេតុប្រកបអាជីវកម្មនេះ និងតម្លៃសេវាកម្មលក់សក់-តត្រួសៗថា៖ «ដំបូងឡើយមកពីសក់នាងខ្ញុំមានបញ្ហា និងតែងតែទៅទិញសក់នៅតាមផ្សារ តែមិនសូវពេញចិត្តព្រោះជាសរសៃសក់ជ័រនីឡុង យកមកប្រើមិនគាប់ចិត្ត។ លុះក្រោយមកក៏បានស្គាល់សក់ ដែលម៉ាកប្រេនល្បីនៅអាមេរិក ក៏កម្ម៉ង់ទិញយកមកប្រើជារឿយៗនាពេលទៅសម្តែងកម្មវិធីតន្រ្តីនានា ហើយជាចុងក្រោយបានសហការ ជាមួយក្រុមហ៊ុនផលិតសក់តនេះ ក្នុងការឈានមកបើកអាជីវកម្ម»។
តារាចម្រៀងស្រីអូរីណល់សងអ្នកនាង អេដា ដែលបានចុះកុងត្រា ២ ឆ្នាំ ជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនក្នុងនាមជាសិល្បការិនីផលិតបទចម្រៀងអូរីណល់សម្រាប់ Smart Tune នោះបានបន្តថា៖ «សក់តដែលនាងខ្ញុំនាំយកមកពីអាមេរិកលក់នេះ មានតម្លៃទៅតាមប្រភេទ ឬសណ្ឋានសក់ ដោយមានចាប់ពីតម្លៃទាបបំផុត 148ដុល្លារ និងឡើងទៅដល់ជាង 200ដុល្លារ។ ទោះបីជាមានតម្លៃថ្លៃជាងគេបន្តិចមែន តែធានាថាជាសក់ពិតសុទ្ធសាធមួយរយភាគរយ និងអាចដូរយកលុយវិញបាន ប្រសិនបានជាវទៅប្រើប្រាស់ហើយមានការខុសពីការធានានោះ។ សក់តទាំងនេះមានជម្រើសដល់ទៅ 20ពណ៌ឯណោះ និងធានាថា អាចយកទៅប្រើប្រាស់តាមតម្រូវការដូចជាលាបថ្នាំ ឬហាយឡាយជាដើម»។ ទោះបីមមាញឹកខ្លាំងក្នុងការសម្តែងបទចម្រៀងកម្មវិធីប្រគំតន្រ្តីនានា គឺមានទាំងតូចទាំងធំយ៉ាងណាក្តី ក៏ អេដា នៅតែអាចឆ្លៀតមកប្រកបអាជីវកម្មផ្ទាល់ខ្លួនក្រៅពីសិល្បៈថែមទៀតនោះ។ ខណៈអ្នកនាង អេដា បន្ថែមថា៖ «នាងខ្ញុំគ្រាន់តែរវល់ពេលចាប់ផ្តើមតែប៉ុណ្ណោះ ខណៈឥឡូវនេះមានប្អូន និងជំនួយការម្នាក់ដែរ»៕