អ្នកកំពុងខឹងគូស្នេហ៍ខ្លាំងណាស់ និងចាប់ផ្ដើមវាយអក្សរជាសំណេរដើម្បីប្រាប់ឱ្យគេដឹងថា អ្នកកំពុងមានអារម្មណ៍បែបណា តែអ្នកវាយរួចលុប វាយរួចលុប ដដែលៗ ម្ដងហើយម្ដងទៀត ព្រោះមិនអាចទម្លាយអារម្មណ៍ខឹងដែលកំពុងក្ដៅងំនៅក្នុងចិត្តបាន
តែក៏ខំព្យាយាម។ ទីបំផុតអ្នកក៏បន្តឈ្លោះប្រកែកគ្នាតាមរយៈសំណេរដែលផ្ញើឱ្យគ្នាទៅវិញទៅមក ហើយពេលនេះអ្នកមានអារម្មណ៍យ៉ាប់យ៉ឺនជាងមុនទៅទៀត…។ ដឹងទេថា អ្នកមិនគួរផ្ញើសំណេរដែលសម្ដែងពីភាពឆេវឆាវទៅឱ្យគូស្នេហ៍ខណៈដែលអ្នកកំពុងខឹងមួម៉ៅឡើយ ដូច្នេះតើអ្នកគួរធ្វើយ៉ាងណា? តើអ្នកគួរផ្ញើសំណេរបែបណាក្នុងពេលដែលអ្នកកំពុងខឹងក្រេវក្រោធដើម្បីគ្រាន់តែចង់ឱ្យអ្នកម្ខាងទៀតនោះដឹង តែមិនចង់ឱ្យវារីករាលដាលក្លាយជារឿងធំ។ មិនមែនជារឿងងាយទេ មែនទេ? តែក៏អាចធ្វើបានតើ!។ អូខេ…ខាងក្រោមនេះ គឺជាវិធីដែលល្អបំផុតក្នុងការទប់ទល់ជាមួយស្ថានកាណ៍បែបនេះ។
ទុកពេលឱ្យខ្លួនឯងចិត្តត្រជាក់ៗវិញសិន មុននឹងផ្ញើសំណេរទៅ
នេះអាចជាវិធីមួយដែលពិបាកបំផុត តែក៏សំខាន់បំផុតដែរ ព្រោះវិធីតែមួយគត់ដែលអ្នកអាចធ្វើបានគឺ ការមិនបាច់ធ្វើអ្វីហ្នឹងឯង។ រឹតតែខឹងខ្លាំងប៉ុនណា ក៏រឹតតែរង់ចាំយូរប៉ុននោះដែរ ទោះជាមានកម្លាំងជំរុញឱ្យវាយតតាំង ដោះសា ឬការពារខ្លួនក្ដី តែពាក្យសំដីរបស់អ្នកមានភាពសំខាន់ខ្លាំងបំផុត ដូច្នេះការរង់ចាំដើម្បីសាងពាក្យសំដីដែលស័ក្តិសមគួរប្រើ នឹងជួយធ្វើឱ្យគោលដៅក្នុងការស្ដាប់ និងយល់ដឹងកាន់តែល្អឡើង…ទោះជាពិបាកមែន តែក៏ស័ក្តិសមនឹងតម្លៃនៃការរង់ចាំដែរ។
ត្រូវច្បាស់លាស់នូវអ្វីដែលអ្នកត្រូវការចង់និយាយ និងពេលដែលនិយាយចេញទៅ
ខណៈដែលអ្នកកំពុងតែទន្ទឹងរង់ចាំពេលវេលាដើម្បីឱ្យចិត្តត្រជាក់ទៅវិញនោះ អ្នកគួរគិតផងថា តើអ្នកត្រូវការប្រាប់អ្វីទៅគូស្នេហ៍ ព្យាយាមតាំងសតិ និងគិតថា អ្វីដែលសំខាន់បំផុត?។ នៅពេលអ្នកដឹងចម្លើយហើយ បន្ទាប់ពីនោះក៏ “រកនឹកពាក្យសំដីខ្លីៗ ចំចំណុច និងមានន័យ”។
កុំឈ្លោះគ្នាតាមរយៈសំណេរ
មិនថាជាយ៉ាងណាក៏ដោយ អ្នកគួរតែគ្រប់គ្រងខ្លួនឯងឱ្យបាន កុំទម្លាយអារម្មណ៍ខឹងសម្បាតាមរយៈសំណេរជាដាច់ខាត ដោយសារតែការឈ្លោះគ្នាតាមរយៈសំណេរមានតែនឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងដួលរលំខ្ទេចខ្ទីតែប៉ុណ្ណោះ។ បើអ្នកធ្លាប់ឈ្លោះគ្នាតាមរយៈសំណេរ នោះអ្នកច្បាស់ជាដឹងមិនខានថា វាយ៉ាងម៉េច? អារម្មណ៍ផ្សេងៗនឹងពុះកញ្រ្ជោលបាញ់ចេញទៅយ៉ាងឆាប់រហ័ស និងអាចជាហេតុនាំឱ្យទាំងសងខាងសរសេរនូវអ្វីដែលនឹងធ្វើឱ្យខ្លួនឯងសោកស្ដាយនៅពេលក្រោយបាន។
នេះគឺជាអ្វីដែលគួរសរសេរ និងហេតុផលដែលអាចប្រើការបាន
អូខេ នៅទីបំផុតអ្នកក៏មានអារម្មណ៍ល្អ និងមើលទៅ(ហាក់ដូចជា)ស្ងប់ចិត្តវិញហើយ។ ម្ដងនេះអ្នកត្រូវពិចារណាថា អ្វីគឺជាមូលហេតុដែលធ្វើឱ្យអ្នកខឹងមួម៉ៅដល់ថ្នាក់ហ្នឹង ហើយសឹមផ្ញើសំណេរទៅ…តែ តើអ្នកគួរសរសេរថាម៉េច?។
អ្នកជំនាញ(ដូចអ្នកគ្រូ ឆវី ជាដើម)ប្រាប់ថា មានរឿង 4យ៉ាងដែលអ្នកគួរចាំឱ្យជាប់ក្នុងចិត្ត…។
ដំបូងគេគឺ អ្នកត្រូវគ្រប់គ្រងបរិយាកាសជារួមរបស់សំណេរឱ្យបាន ដើម្បីបង្ហាញថា អ្នកយល់ព្រមក្នុងការចរចា(បញ្ចប់សង្រ្គាម ហ៊ីសៗ) ទោះជាអ្នកនៅខឹង តែក៏មានអារម្មណ៍នឹងនរ បើកចិត្តទូលាយ ព្រមក្នុងការនិយាយគ្នាល្អៗស្រួលៗ ជំនួសការនិយាយពាក្យអាក្រក់ស្ដាប់ និងវាយប្រហារគ្នា។
ទី2 ទោះជាគំនិត និងអារម្មណ៍របស់អ្នកនៅវិលវល់ច្របូកច្របល់ក៏ដោយ តែនេះមិនមែនជាពេលវេលាដែលអ្នកត្រូវទម្លាយគ្រប់យ៉ាងចេញមកនោះទេ។ អ្នកគួរផ្ដោតទៅលើសំណេរឱ្យខ្លីៗ ព្រោះថា បើរឹតតែខ្លី ក៏នឹងមើលទៅមានភាពរុករានបំពានគ្នាតិចទៅតាមនោះដែរដោយស្វ័យប្រវត្តិ។
ទី3 ព្យាយាមតុបតែងឱ្យសំណេររបស់អ្នកមានហេតុផល និងបង្កប់ន័យ។ បើអ្នកត្រូវការត្រឹមតែទម្លាយអារម្មណ៍នោះ ក៏មិនបានមានន័យថា បញ្ហាទាំងឡាយនឹងធូរស្រាលឡើងវិញបានលឿនដែរ…មិនប្រាកដដែរ ជួនកាលវាអាចនឹងយ៉ាប់យ៉ឺនជាងមុនទៅទៀតផងក៏មិនដឹង ព្រោះអ្នកណាចង់ឆ្លើយមកវិញ បើដឹងថាតែមួយស្របក់ទៀតនឹងឈ្លោះគ្នាទៀតនោះ។ ចម្លើយគឺ គ្មានទេ!។
និងចុងក្រោយ ហាមនិយាយរៀបរាប់ពីកំហុសគ្នាតាមរយៈសំណេរជាដាច់ខាត!។
អូខេ ហើយតើយើងគួរសរសេរថាយ៉ាងណា? សូមតាមដានបន្ត…
“អូន(ឬបង)មានអារម្មណ៍ឈឺចាប់ និងមួម៉ៅចំពោះរឿងដែលកើតឡើង អូន(ឬបង)ចង់ស្ដាប់យោបល់ពីបង(ឬអូន)ម្ដង ដើម្បីឱ្យយើងបានកែបញ្ហានេះទាំងអស់គ្នា”
សំណេរនេះអាចប្រើការបាន ដោយសារតែអ្នកប្រាប់ឱ្យគូស្នេហ៍ដឹងថា អ្នកមានអារម្មណ៍យ៉ាងណាដោយមិនបានដាក់សម្ពាធលើគេឡើយ។ អ្នកមិនគួរកុហក់ និងបិទបាំងអារម្មណ៍នោះទេ ព្រោះនៅមានវិធីជាច្រើនទៀតក្នុងការនិយាយគ្នាដោយមិនសាងបញ្ហាបន្ថែម។ អ្នកនឹងអាចកែបញ្ហាបាន និងធ្វើឱ្យរូបអ្នក ជាមួយគូស្នេហ៍មានសេចក្ដីសុខ និងពេញចិត្តពេញថ្លើម។ ទាំងអស់ក៏មានតែប៉ុណ្ណឹងឯង មែនអត់?៕