ការរៀបចំតុអាហារ(តុញ៉ាំបាយ)អាចរាប់បានថា ជាសុជីវធម៌ដ៏សំខាន់ម្យ៉ាងក្នុងបន្ទប់ទទួលទានអាហារ ដូច្នេះបើបងៗស្រ្តីមេផ្ទះចង់ចេះ និងចង់យល់ដឹងពីវិធីរៀបចំតុអាហារបែបសកលរយៈបឋម ព្រមទាំងរៀនយល់ដឹងពាក់ព័ន្ធនឹងឧបករណ៍នៅលើតុទទួលទានអាហារដែលគួរដឹងនោះ ថ្ងៃនេះឡារ៉ែនមានរឿងរ៉ាវពាក់ព័ន្ធនឹងវិធីរៀបចំតុញ៉ាំអាហារសម្រាប់ប្រើការក្នុងឱកាស និងពិធីជាច្រើនមកជម្រាបជូន ធានាថា ចេះហើយអាចរៀបចំទទួលភ្ញៀវបានដោយមិនខ្មាសអ្នកណាឡើយ។
គោលការណ៍រៀបចំតុទទួលទានអាហារ
ជាគោលការណ៍ ការរៀបចំតុអាហារបែបសកលដែលគួរដឹងជាដំបូងនោះគឺ លំដាប់នៃការរៀបចំឧបករណ៍ប្រើសម្រាប់ការញ៉ាំអាហារ(ស្លាបព្រា សម-ល-)។ ដោយសារតែសុជីវធម៌នៃការទទួលទានអាហារបែបសកល នឹងចាប់ផ្ដើមប្រើឧបករណ៍នៅលើតុពីផ្នែកខាងក្រៅចូលមកផ្នែកខាងក្នុង ដូច្នេះទើបពេលយើងរៀបចំតុអាហារ យើងត្រូវរៀបឧបករណ៍សម្រាប់ញ៉ាំអាហារដែលលើកមកក្រោយនៅខាងក្នុង ជាប់នឹងចានសម្រាប់ញ៉ាំអាហារចម្បង(ចានបាយ) ចំណែកឧបករណ៍សម្រាប់ញ៉ាំអាហារដែលលើកមកមុន ក៏រៀបបន្តបន្ទាប់ចេញមកខាងៗតាមលំដាប់។
ក្រៅពីនេះ យើងគួរចៀសវាងការដាក់ឧបករណ៍ប្រភេទនីមួយៗលើសពី3 ផងដែរ តែបើសិនជាពេលញ៉ាំអាហារណាដែលចាំបាច់ត្រូវប្រើឧបករណ៍ប្រភេទណាមួយច្រើនជាង3 នោះ ចូរយកឧបករណ៍ដែលប្រើសម្រាប់ញ៉ាំអាហារដែលលើកមកមុនមករៀបទុកជាមុន ចំណែកអាហារដែលលើកមកក្រោយ ដូចជាបង្អែមជាដើមនោះ ចូរយកឧបករណ៍ដែលត្រូវប្រើមករៀបដាក់ក្នុងអំឡុងការទទួលទានមុននឹងលើកមុខម្ហូបនោះមក…អ៎ ហើយពេលរៀបកាំបិត ក៏កុំភ្លេចបែរមុខកាំបិតចូលមករកចានអាហារ(ចានបាយ)ដើម្បីសុវត្ថិភាពផង និងអ្វីដែលសំខាន់គួរពិនិត្យមើលចុង និងដងឧបករណ៍ផ្សេងៗទាំងនោះឱ្យរៀងគ្នាស្ថិតក្នុងកម្ពស់ស្មើគ្នា ដើម្បីភាពស្រស់ស្អាត រួមទាំងគួរទុកចន្លោះឆ្ងាយពីគ្នារវាងឧបករណ៍នីមួយៗប្រមាណជាកន្លះអ៊ិញផងដើម្បីភាពមានរបៀប។
អូខេ នៅពេលបានដឹងអំពីគោលការណ៍នៃការរៀបចំតុអាហាររយៈបឋមហើយ លើកនេះយើងនាំគ្នាមកមើលពីវិធីរៀបចំតុអាហារបែបសកលក្នុងឱកាសនីមួយៗវិញម្ដងប្រសើរជាង។
វិធីរៀបចំតុអាហារបែបធម្មតា
វិធីរៀបចំតុអាហារបែបធម្មតា ប្រើសម្រាប់ទទួលទានអាហារជុំគ្នាឯងក្នុងក្រុមគ្រួសារ ដែលនៅលើតុនឹងប្រកបដោយ ចានបាយនៅត្រង់កណ្ដាល ព្រមជាមួយកន្សែងជូតមាត់បត់ដាក់នៅលើចាន ឬនៅដាក់ខាងឆ្វេងនៃចានបាយក្រោមសមក៏បាន ដោយអ្នកអាចដាក់បន្ទះក្រដាសទ្រចាននៅក្រោមចានបាយដើម្បីភាពស្រស់ស្អាត និងដើម្បីការពារភាពកខ្វក់បានផងដែរ។ ចំណែកឧបករណ៍ផ្សេងទៀត ចូររៀបចំដាក់តម្រៀបព័ទ្ធជុំវិញចានបាយតាមទីតាំងដូចតទៅនេះ ៈ
– ខាងឆ្វេងនៃចានបាយ ៈ សម
– ខាងស្ដាំនៃចានបាយ(ដាក់រៀងគ្នាពីក្នុងចេញទៅខាង) ៈ កាំបិត និងស្លាបព្រា
– ខាងលើបញ្ឆិតទៅខាងស្ដាំនៃចានបាយ ចន្លោះចាន និងកាំបិត ៈ កែវទឹក
សម្រាប់ពេលអាហារណាដែលមាននំប៉័ង និងប័រផងនោះ ចូរយកចាននំប៉័ង និងកាំបិតលាបប័រមកដាក់នៅផ្នែកខាងលើបញ្ឆិតទៅខាងឆ្វេងនៃចានបាយ ឬបរិវេណខាងលើសមឡើងទៅ។
វិធីរៀបចំតុអាហារបែបមិនផ្លូវការ
វិធីរៀបចំតុអាហារបែបមិនផ្លូវការ ស័ក្តិសមសម្រាប់ពេលញ៉ាំអាហារដែលត្រូវការឱ្យមានភាពពិសេសខ្លាំងជាងមុនឡើងបន្តិច ដោយយើងត្រូវរៀបចំដាក់ចានបាយនៅចំកណ្ដាលបន្ទះក្រដាសទ្រចាន ព្រមទាំងដាក់ចានញាំបន្លែ(សាលាដ) និងកូនចានស៊ុបនៅខាងលើចានបាយផងដែរ ឯសម្រាប់កន្សែងជូតមាត់ ក៏អាចដាក់នៅលើចានបាយបានដែរ ឬបើអ្នកណាចង់ដាក់នៅខាងឆ្វេងនៃចានបាយក៏អាចធ្វើបានដែរ។ ចំណែកឧបករណ៍ផ្សេងទៀត ចូររៀបចំដាក់ដូចតទៅ ៈ
(នៅមានត)