ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ឥណទានរបស់ការិយាល័យឥណទានកម្ពុជា (CBC) ដែលចេញផ្សាយនៅថ្ងៃទី15 ខែកក្កដានេះបានឱ្យដឹងថា ចំនួននៃការស្នើសុំប្រាក់កម្ចីបានធ្លាក់ចុះនៅក្នុងត្រីមាសទី2 ឆ្នាំ2017នេះ ប៉ុន្តែមានទំនោរធ្លាក់ចុះទាបជាងជាងត្រីមាសទី2 ដូចគ្នាក្នុងឆ្នាំ2016។ យ៉ាងណាក៍ដោយ ទោះជាមានការធ្លាក់ចុះនៃការស្នើសុំកម្ចីជារួមដូច្នេះក្តី ក៏ការផ្តល់ប្រាក់កម្ចីនៅតែមាននិន្នាការកើនឡើងរហូតដល់ 4.19% នៃគណនីឥណទានសរុប និង 6.59% ដដែលនៃទំហំទឹកប្រាក់សរុប។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ការិយាល័យឥណទានកម្ពុជា (CBC) មានប្រសាសន៍ថា ទោះជាមានទំនោរធ្លាក់ចុះនៃការស្នើសុំប្រាក់កម្ចីលក្ខណៈបុគ្គលគឺជាលក្ខណៈរដូវកាលក៍ដោយ ក៏យើងសង្កេតឃើញថា ក្នុងត្រីមាសទី2នេះចំនួនគណនីឥណទាននៅតែមានការកើនឡើងប្រមាណជា 4.19% សមាមាត្រនឹងកំណើនទឹកប្រាក់កម្ចី 6.59%។ លោកថា ចំណែកឯប្រាក់កម្ចីមិនដំណើរការលើសពី30ថ្ងៃវិញ ទោះបីជាមានកំណើនតិចតួច និងអាចគ្រប់គ្រងបានក្តី ប៉ុន្តែវាក៍ជាសញ្ញាមួយសម្រាប់ឱ្យគ្រប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់គួរចាប់ផ្តើមយកចិត្តទុកដាក់លើគុណភាពឥណទានរបស់ខ្លួនលើផលិតផល3 រួមមាន1.ការស្នើសុំកម្ចីលក្ខណៈបុគ្គល 2.ដំណើរការប្រាក់កម្ចីលក្ខណៈបុគ្គល 3. គុណភាពប្រាក់កម្ចីលក្ខណៈបុគ្គល។
1.អំពីការស្នើសុំប្រាក់កម្ចីលក្ខណៈបុគ្គល៖ នៅត្រីមាសទី2នេះបង្ហាញថា ការស្នើសុំឥណទានបានធ្លាក់ចុះគួឱ្យកត់សម្គាល់រហូត 15% ធៀបនឹងត្រីមាសទី1 កើនឡើង 29% ប៉ុន្តែទំនោរនៃការធ្លាក់ចុះនេះ គឺទាបជាងត្រីមាសដូចគ្នាក្នុងឆ្នាំ2016ដែលធ្លាក់ចុះដល់ 25%។ ការធ្លាក់ចុះនៃការស្នើសុំឥណទាននេះ ដោយសារតែមានការធ្លាក់ចុះនៃការស្នើសុំប័ណ្ណឥណទាន 18% ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន 15% និងកម្ចីអចលនទ្រព្យ 8%។ ការស្នើសុំនេះមានការធ្លាក់ចុះស្ទើរគ្រប់តំបន់ លើកលែងតែតំបន់ឆ្នេរសមុទ្រដែលនៅតែមានកំណើនលើការស្នើសុំប័ណ្ណឥណទាន 100% និងការស្នើសុំកម្ចីអចលនទ្រព្យកើនឡើង 3%។
2.អំពីដំណើរការប្រាក់កម្ចីលក្ខណៈបុគ្គល៖ នៅត្រីមាសទី2នេះ កំណើនចំនួនគណនីមានការថមថយបន្តិចដោយមានកំណើនត្រឹម 4.19% ធៀបនឹងត្រីមាសទី1កើនឡើងដល់ 10.87%។ ចំនួនគណនីឥណទានសរុបកើនដល់ជាង785គណនី ដែលក្នុងនោះ 82.42% ជាហរិញ្ញវត្ថុផ្ទាល់ខ្លួន 10.53% ជាកម្ចីអចលនទ្រព្យ និង 7.06% ប័ណ្ណឥណទាន។ ដូចគ្នានេះដែរ កំណើនសមតុល្យប្រាក់កម្ចីសរុប ក៏មានការថមថយមកត្រឹម 6.59% ក្នុងត្រីមាសទី2 ឆ្នាំ2017 ធៀបនឹងត្រីមាសទី1 កើនឡើង 14.97%។ ករណីនេះធ្វើឱ្យសមតុល្យឥណទានកើនឡើងដល់ 3.87% ប៊ីលានដុល្លារដែលក្នុងនោះវានៅតែត្រូវបានបែងចែកស្មើគ្នារវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន50.24% ទោះបីជាប័ណ្ណឥណទាននៅតែមានចំណែកមួយដ៍តូចដែលទាបជាង 1% ក្តី។
3.អំពីគុណភាពប្រាក់កម្ចីលក្ខណៈបុគ្គល៖ ទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជានៅតែមិនមានការប្រែប្រួលខ្លាំងទាក់ទងទៅនឹងប្រាក់កម្ចីដែលមិនមានដំណើរការ(30ថ្ងៃ)ដែលជាប្រាក់កម្ចី ដែលកូនបំណុលមិនមានលទ្ធភាពទូទាត់តាមថ្ងៃកំណត់ក្នុងអំឡុងពេល30ថ្ងៃនេះ វាបានកើនឡើងតិចតួចដល់1.70% ក្នុងត្រីមាសនេះ ធៀបនឹង1.62% ក្នុងត្រីមាសទី2 ឆ្នាំ2017។
គួរបញ្ជាក់ថា ស្ទើរតែ 80% នៃប្រជាជនកម្ពុជាបន្តប្រើសេវាឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុតែមួយដែលវាបានកាត់បន្ថយហានិភ័យលើការទូទាត់ប្រាក់ដើម។ មិនតែប៉ុណ្នោះ អតិថិជនដែលមានគណនីតែមួយមានចំនួន 70% នៃអតិថិជនសរុប ចំណែកអតិថិជនដែលមានគណនីចាប់ពី2ឡើងទៅមានចំនួនត្រឹមតែ 30% ប៉ុណ្ណោះ៕