បន្ទាប់ពីមានមហាជនជាច្រើនបង្ហាញពីភាពអន្ទះសាចង់ទស្សនាខ្សែភាពយន្តរឿង «សសរកន្លោង» រហូតមកដល់ពេលនេះលោក ចាន់ណា រ៉ូណាន់ ជាអ្នកដឹកនាំរឿងមិនទាន់អាចឆ្លើយតបទៅអ្នកគាំទ្ររបស់ខ្លួនបាននៅឡើយទេថា តើរឿងនោះនឹងត្រូវដាក់បញ្ចាំងនៅពេលណា?
មានអ្នកគាំទ្រស្នាដៃលោក ចាន់ ណារ៉ូណាន់ ជាច្រើនបានឆាតទៅសួរលោក និងចូល Comment ក្នុងហ្វេសប៊ុក ដើម្បីចង់ដឹងពីកាលបរិច្ឆេទនៃការដាក់បញ្ចាំងរឿង «សសរកន្លោង» ពិតប្រាកដ ខណៈពួកគេមានការជឿជាក់លើស្នាដៃអ្នកដឹកនាំរឿងវ័យក្មេងរូបនេះជាខ្លាំងតាមរយៈការទស្សនារឿង «កំណត់ហេតុនាងនាថ» កន្លងមក។
លោក ចាន់ណា រ៉ូណាន់ បានប្រាប់ឡារ៉ែន Online ថា នៅពេលនេះលោកមិនទាន់អាចកំណត់ពេលវេលានៃការដាក់បញ្ចាំងរឿង «សសរកន្លោង» បាននៅឡើយទេ។ លោកបានដឹងថា មានអ្នកគាំទ្រជាច្រើនកំពុងតែអន្ទះសាចង់ទស្សនារឿងនេះ ដូច្នេះហើយទើបធ្វើឱ្យលោកកាន់តែមានមោទនភាព និងសប្បាយចិត្ដក្នុងការផលិតរឿងនេះយ៉ាងសម្រិតសម្រាំង។
លោកបន្ដថា៖ កន្លងមកខ្ញុំផលិតរឿង «កំណត់ហេតុនាងនាថ» ទទួលបានការគាំទ្រ និងទទួលបានការទុកចិត្ដខ្លាំងពីទស្សនិកជន ដូច្នេះខ្ញុំមិនចង់បន្ធូរដៃក្នុងការផលិតរឿង «សសរកន្លោង» នេះទេព្រោះខ្ញុំមិនចង់ឱ្យទស្សនិកជនទាំងអស់ខាតពេលវេលា និងចំណាយលុយឥតប្រយោជន៍ក្នុងការទិញសំបុត្រចូលទស្សនារឿងនេះឡើយ។ ទាំងនេះហើយជាហេតុដែលខ្ញុំត្រូវការធ្វើវាយ៉ាងសម្រិតសម្រាំង។
រឿង «សសរកន្លោង» ត្រូវចំណាយទុនផលិតក្នុងរង្វង់ទឹកប្រាក់ជាង 7ម៉ឺនដុល្លារ ខណៈរឿង «កំណត់ហេតុនាងនាថ» ប្រើទុនអស់តែ6ម៉ឺនដុល្លារប៉ុណ្ណោះ ហើយឈ្នះបានពានរង្វាន់ប្រចាំឆ្នាំ2016 ចំនួន3រង្វាន់ គឺពានរង្វាន់ភាពយន្ដរកប្រាក់ចំណូលបានច្រើនជាងគេ (30ម៉ឺនដុល្លារ) ពានរង្វាន់ភាពយន្ដទទួលបានអ្នកទស្សនាច្រើនជាងគេ (ប្រកួតជាមួយរឿងបរទេស) និងពានរង្វាន់ខ្សែភាពយន្ដខ្មែរល្អជាងគេប្រចាំឆ្នាំ។
បច្ចុប្បន្នរឿង «សសរកន្លោង» ត្រូវបានរៀបចំបច្ចេកទេសថ្មីទាំងរូបភាព និងការកាត់ប្លង់រួចរាល់អស់ហើយ នៅសល់តែសំឡេងមួយមុខប៉ុណ្ណោះដែលលោកត្រូវសម្រិតសម្រាំង ព្រោះសំឡេងក៏ជាកត្តាទាក់ទាញខ្លាំងណាស់មួយដែរសម្រាប់ប្រភេទរឿងខ្មោចដូចដែលលោកធ្លាប់បានផលិតមក។ទោះជាយ៉ាងណាលោក រ៉ូណាន់ ប្រាប់ថា លោកនឹងប្រឹងប្រែងសម្រុកធ្វើការងារនេះឱ្យហើយរួចរាល់ សម្រាប់ដាក់បញ្ចាំងមុនពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ៕