កាលពីពេលថ្មីៗនេះ ស្ថាប័នប្រកួតប្រដាល់ក្បាច់គុនចម្រុះ ONE Championship បានបង្ហាញតម្រុយ អំពីការប្រកួតបន្ទាប់របស់កីឡាករខ្លាំងកម្ពុជា ចាន់ រតនា ដែលអាចនឹងធ្វើឡើង នៅដើមឆ្នាំ2021 ខាងមុខ ដែលអាចនឹងប៉ះជាមួយនឹងកីឡាករខ្លាំងម្នាក់។
ទាក់ទិននឹងការផ្គូផ្គងនេះដែរ កីឡាករឥណ្ឌា Roshan Mainam ដែលជាកីឡាករមិនធ្លាប់ចាញ់សោះនៅលើសង្វៀន ONE Championship កំពុងតែស្ថិតនៅក្នុងជម្រើសនៃការផ្គូផ្គងនេះ។ កីឡាករឥណ្ឌារូបនេះ ត្រូវបានគេដឹងថា ជាអ្នកពូកែខាងចំបាប់ ដោយធ្លាប់យកឈ្នះមិត្តរួមសញ្ជាតិរបស់ រតនា គឺកីឡាករ ខុន ស៊ីចាន់ ម្តងរួចមកហើយ កាលពីឆ្នាំ2019 កន្លងទៅ។
ការជួបគ្នារវាងអ្នកទាំង2 អាចនឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ ព្រោះវាជាប្រកួតរវាងក្បាច់គុនខ្មែរ នឹងក្បាច់ចំបាប់របស់ឥណ្ឌា។ បន្ថែមលើនេះ ONE ក៏បានសរសើរពីក្បាច់ការពារការចាប់កាច់ក្រៀក និងការកែបញ្ហារបស់ចាន់ រតនាផងដែរ។ ជាក់ស្ដែង គូប្រកួតដែលពូកែខាងចាប់កាច់ក្រៀក 2នាក់មកហើយ ដែលបានចាញ់ចាន់ រតនា រួមមានជើងឯកចំបាប់គុយបា Gustavo Balart និងជើងខ្លាំងឥណ្ឌូនេស៊ី Rudy Agustian ផងដែរ៕