ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) បានផ្តល់ឥណទានរហូតដល់1ពាន់លានដុល្លារអាមេរិកដល់វិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា។
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាបានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំទាក់ទងនឹងអន្តរាគមន៍របស់រដ្ឋាភិបាលដើម្បីលើកស្ទួយតម្លៃស្រូវកាលពីម្សិលមិញថា ក្រៅពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជាផ្តល់ឥណទានដល់វិស័យកសិកម្មក្នុងទំហំទឹកប្រាក់1ពាន់លានដុល្លារហើយនោះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្តល់ឥណទានក្នុងវិស័យនេះក្នុងទំហំទឹកប្រាក់ 1.5ពាន់លានដុល្លារអាមេរិកផងដែរ។
ទាក់ទងនឹងបញ្ហាបំណុលរបស់កសិករដែលសងត្រឡប់យឺតវិញនោះ លោកជំទាវបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាក៏បានបង្កើតជាក្រុមការងារ និងជំរុញបង្កើត hotline ដើម្បីទទួលព័ត៌មានពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុទាក់ទងនឹងដំណោះស្រាយបញ្ហាបំណុលក្នុងគោលដៅដោះស្រាយបន្ថែមទៀតដើម្បីផ្តល់ការអនុគ្រោះដល់កសិករដែលពុំមានលទ្ធភាពសង និងដោះស្រាយតាមរយៈសកម្មភាពជាក់ស្តែង និងយោគយល់ដោយមិនបង្ខំឲ្យលក់ដីធ្លី ឬផ្ទះសំបែងឡើយ។
ស្ថានភាពវិស័យកសិកម្មកំពុងមានភាពប្រសើរឡើងទាក់ទងនឹងទិន្នផល និងការដាំដុះដែលកាន់តែធ្វើពិពិធកម្មនូវផលិតកម្មស្រូវ និងដំណាំដទៃទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានថ្លែងថា ទិន្នផលស្រូវឆ្នាំនេះរំពឹងទទួលបានជាង10លានតោន កើនឡើងប្រមា ណ10ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែការទទួលបានផលស្រូវក្នុងមួយហិកតានៅតែស្ថិតក្នុងកម្រិតចន្លោះពី3ទៅ4តោនក្នុងមួយហិកតាដដែល។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះក្រសួងបាន និងកំពុងដាក់ចេញនូវពូជស្រូវប្រភេទថ្មីមួយដែលមានឈ្មោះខា14 ខា15 និងប្រភេទខា16 ដែលជាពូជស្រូវមានសភាពធន់នឹងជំងឺ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលច្រើន។
លោកបន្តថា “ជាមួយនឹងកំណើននៃទិន្នផលកសិកម្មនេះ កម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះពីជាង80ភាគរយកាលពីទសវត្សរ៍ទី80មកនៅជាង60ភាគរយក្នុងទសវត្សរ៍ទី90 និងថយចុះមកនៅត្រឹម41ភាគរយក្នុងឆ្នាំ2016 ដោយសារការកើនឡើងនូវការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មដែលធ្វើឲ្យវិស័យនេះទទួលបានតម្លៃបន្ថែមកាន់តែច្រើន៕