Skip to content

ម្ចាស់​ក្រុម​ចម្រៀង​ BTS​ របស់​កូរ៉េ​ខាង​ត្បូង​ ក្លាយ​ជា​មហា​សេដ្ឋី​ដូច​ការ​រំពឹង​ទុក

ស្ថាបនិក Bang Shi-hyuk បានក្លាយជាមហាសេដ្ឋី ចំណែកសមាជិក7រូបផ្សេងទៀតរបស់ក្រុមចម្រៀង BTS ក៏បានក្លាយជាសេដ្ឋី ដោយមានទ្រព្យរាប់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុន Big Hit Entertainment បានចូលរួមធ្វើជំនួញក្នុងផ្សារហ៊ុន (IOP)។

Big Hit Entertainment ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមចម្រៀងបុរស BTS ដ៏ល្បីឈ្មោះនៃចម្រៀង K-pop ប្រមូលបានទុនចំនួន963ពាន់លានវ៉ុន (840លានដុល្លារអាមេរិក) ពីការលក់មូលបត្រថ្មីចំនួន7.13លានហ៊ុនដែលទើបតែបានបោះផ្សាយកាលពីពេលថ្មីៗនេះ។ នេះគឺជាករណី IPO ធំបំផុតរបស់កូរ៉េខាងត្បូង រាប់ចាប់ពីឆ្នាំ2017។ មូលបត្រ Big Hit ត្រូវបានបោះផ្សាយលក់ចាប់ពីថ្ងៃទី15តុលា ដែលនេះបាននាំឱ្យស្ថាបនិក Bang Shi-hyuk ក្លាយជាមហាសេដ្ឋីថ្មីបំផុតនៅកូរ៉េខាងត្បូង។

មូលបត្រ Big Hit បើកទ្វារលក់ក្នុងតម្លៃ 270,000វ៉ុន/ហ៊ុន ខ្ពស់ជាងតម្លៃ IPO 135,000វ៉ុន/ហ៊ុន ដែល​ប្រការ​នេះ​ បាន​ជួយ​ឱ្យ​តម្លៃ​ទុនរបស់ Big Hit ឡើងដល់ជាង9លានលានវ៉ុន។ លោក Bang វ័យ48ឆ្នាំ កំពុងកាន់កាប់​ភាគហ៊ុនជិត35% នៅក្នុងក្រុមហ៊ុននេះ ហើយបច្ចុប្បន្ន ទ្រព្យរបស់លោកបានកើនឡើងដល់3.2ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Forbes។ សមាជិកទាំង7រូបរបស់ BTS ដែលសុទ្ធតែមានវ័យ20ឆ្នាំ ក៏បានក្លាយ​ជាសេដ្ឋី ដោយសារមុននោះ ពួកគេទទួលបានភាគហ៊ុនមួយចំនួនធំ។

សមាជិក​ក្រុម​ចម្រៀង​ប្រុស​ BTS

ព្រឹត្រិការណ៍ Big Hit IPO ត្រូវបានធ្វើឡើងក្នុងស្ថានភាពដែលកូរ៉េខាងត្បូងកំពុងស្ថិតក្នុងរលកនៃ COVID-19 ទីពីរ។ BTS ត្រូវបង្ខំចិត្តពន្យារពេលទៅលើគម្រោងសម្ដែងផ្ទាល់នានាចាប់ពីខែមីនា រួមទាំងព្រឹត្តិការណ៍តន្ត្រីដែលបានលក់សំបុត្រហើយផងដែរ។ ឆ្នាំ2019 ដំណើរសម្ដែងលក្ខណអន្តរជាតិដែលមានឈ្មោះថា Love Yourself របស់ក្រុមចម្រៀងនេះ រកបានប្រាក់ជាង196លានដុល្លារអាមេរិក។

Big Hit បច្ចុប្បន្នគឺជាក្រុមហ៊ុនកម្សាន្តដែលមានប្រាក់ចំណេញខ្ពស់ជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង ដោយ​ចំណេញ​63​លាន​ដុល្លារនៅក្នុងចំណូលសរុប507លានដុល្លារកាលពីឆ្នាំ2019 ដែលតួលេខនេះខ្ពស់ជាងបណ្ដាក្រុមហ៊ុនតន្ត្រីកូរ៉េខាងត្បូង ដូចជា SM, YG និង JYP Entertainment (តែងត្រូវគេហៅថា “Big Three”) ទៅ​ទៀត​។ កាលពីឆ្នាំទៅ (2019) BTS ក៏មានវត្តមាននៅក្នុងបញ្ជីឈ្មោះ Forbes Celebrity 100 និងបានក្លាយជាក្រុមតន្រីដែលមានប្រាក់ចំណូលខ្ពស់ជាងគេបង្អស់នៅក្នុងទ្វីបអាស៊ីទាំងមូល។

បងប្អូនជីដូនមួយរបស់លោក Bang គឺលោក Bang Jun-hyuk ដែលជាស្ថាបនិកនៃក្រុមហ៊ុនហ្គេមអនឡាញ Netmarble ក៏ក្លាយជាមហាសេដ្ឋីមួយរូប ដោយទ្រព្យសរុបរបស់គាត់មានតម្លៃ2.8ពាន់លានដុល្លារ។ Netmarble គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានវិនិយោគទៅលើ Big Hit មុនគេ ហើយបច្ចុប្បន្ន Netmarble កាន់កាប់ភាគហ៊ុនចំនួន20% នៅក្នុងក្រុមហ៊ុន Big Hit៕

ប្រភព៖ Forbes

អត្ថបទ​ទាក់ទង> អ្នកនៅពីក្រោយ​ជោគ​ជ័យ​របស់​ក្រុមចម្រៀង​កូរ៉េ​ BTS ​នឹងក្លាយ​ជា​មហា​សេដ្ឋី​នា​​ពេល​ដ៏ខ្លី​ខាងមុខ​ បន្ទាប់​ពី​​ Big Hit ​ចូល​ផ្សារ​ហ៊ុន​​​

Tags:

Leave a Reply

Your email address will not be published. Required fields are marked *