បន្ទាប់ពីផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន 4 ឱ្យរុករ៉ែលោហៈនៅ4ទីតាំងខុសៗគ្នាបានត្រឹមតែជាង1ខែ ក្រសួងរ៉ែ និងថាមពល បានប្រកាសផ្តល់អាជ្ញាបណ្ណថ្មីចំនួនពីរទៀត នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យក្រុមហ៊ុនរុករករ៉ែ ដែលបានចុះបញ្ជីត្រឹមត្រូវទាំងអស់នៅកម្ពុជាឱ្យមកចូលរួមដាក់ពាក្យដើម្បីទទួលបានសិទ្ធិសម្បទានរ៉ែនៅកម្ពុជា ខណៈក្រសួងនឹងផ្តល់ជូនចំនួនពីរកន្លែងផ្សេងទៀត បន្ទាប់ពីការផ្តល់ទីតាំងចំនួន4សម្រាប់ការរុករករ៉ែលោហៈកាលពីខែមិថុនា ឆ្នាំ2017។
លិខិតជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលចុះថ្ងៃទី03 ខែសីហា ឆ្នាំ2017 បានទុកពេលឱ្យក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេស ដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដើម្បីរុករករ៉ែលោហៈ រហូតដល់ថ្ងៃទី30 ខែសីហា ឆ្នាំ2017។
តំបន់ថ្មីទាំងពីរនោះរួមមាន តំបន់ស្ថិតក្នុងឃុំស្វាយជ្រះ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសម្រាប់រុករករ៉ែទំហំ30.60គីឡូម៉ែត្រការ៉េ និងទី2 តំបន់ឃុំចម្ការលើ ឃុំអូររៃ និងឃុំស្រែឫស្សី ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីរុករករ៉ែទំហំ114.98គីឡូម៉ែត្រការ៉េ។
កាលពីខែមិថុនា ឆ្នាំ2017 ក្រុមហ៊ុនចំនួន4 ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែលោហៈ រួមមាន 1.ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំបន់ស្វាយជ្រះ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និងឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី លើផ្ទៃដី74.32គីឡូម៉ែត្រការ៉េ 2.ក្រុមហ៊ុន Kiri Resources Co., Ltd តំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ព្រមទាំងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានទំហំផ្ទៃដីរុករករ៉ែ93.94គីឡូម៉ែត្រការ៉េ 3.ក្រុមហ៊ុន Samnang Angkor Development Co., Ltd តំបន់វាលស្រង៉ាម ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលមានផ្ទៃដីរុករករ៉ែទំហំ159.50គីឡូម៉ែត្រការ៉េ និង 4.ក្រុមហ៊ុន Sea Resources Pty Ltd តំបន់ព្រែកកាំពីរ ស្ថិតនៅឃុំថ្មី ឃុំចង្ក្រង់ ឃុំសំបុក ស្រុកចិត្របុរី ឃុំស្រែជិះ និង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និង ឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលមានផ្ទៃដីរុករកសរុប198គីឡូម៉ែត្រការ៉េ។
សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា“ចំពោះក្រុមហ៊ុនរ៉ែ ដែលបាននិងកំពុងកាន់អាជ្ញាបណ្ណធនធានរ៉ែលើសពីមួយពុំមានសិទ្ធិដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈនេះទេ។
នាព្រឹកថ្ងៃទី07 ខែសីហា ឆ្នាំ2017 កន្លងមកឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Mesco Gold Cambodia Limited ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការសាងសង់រោងចក្រអាជីវកម្មរ៉ែមាស នៅស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី។
យោងតាមក្រសួងរ៉ែ និងថាមពល មកដល់បច្ចុប្បន្នក្រុមហ៊ុនកំពុងតែអនុវត្តតាមផែនការនៃគម្រោងអាជីវកម្ម ដោយបានបំពេញបែបបទ និងកំពុងដំណើរការនាំចូលសម្ភារបរិក្ខារសាងសង់រោងចក្របន្សុទ្ធមាស តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃព្រះរាជាណាចក្រកម្ពុជា។ តំណាងក្រុមហ៊ុនក៏បានស្នើគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចការដ្ឋានរ៉ែ ដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅប្រទេសឥណ្ឌា នាពេលវេលាសមស្របខាងមុខ។
ក្រោយការផ្តល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុន Renaissance Mineral (Cambodia) Limited ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានជួបលោក Simon Lee Ao ប្រធានក្រុមហ៊ុន និងលោក Morgan Hart នាយកប្រតិបត្តិក្រុមហ៊ុន ដើម្បីឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃគម្រោងរ៉ែមាសនៅតំបន់អូរខ្វាវ និងអូរឈូង ក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តម ស៊ុយ សែម បានជំរុញឱ្យក្រុមហ៊ុនរៀបចំឯកសារទាំងការសិក្សាសមិទ្ធលទ្ធភាព ទាំងឯកសារវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ឱ្យបានឆាប់ ដើម្បីជំរុញការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះឱ្យបានលឿនតាមផែនការ៕