ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំបញ្ចូលផលិតផលម្រេចទៅជាផលិតផលសក្តានុពលមួយរបស់កម្ពុជាសម្រាប់ការនាំចេញ បន្ទាប់ពីមានការដាំដុះយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលម្រេចហក់ឡើងរហូតដល់ប្រមាណ 2ម៉ឺនតោនក្នុង1ឆ្នាំ។
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីពាណិជ្ជកម្មម្រេច និងការផ្លាស់ប្តូរបទពិសោធន៍របស់សហគមន៍ម្រេចអន្តរជាតិ ក្នុងការកសាងទំនុកចិត្តឆ្ពោះទៅកាន់និរន្តរភាពនៃផលិតកម្មម្រេច កាលពីថ្ងៃទី11 ខែសីហា ឆ្នាំ2017 នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា ការដាំដុះម្រេចនៅប្រទេសកម្ពុជា មានសន្ទុះខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបន្ទាប់ពីដំណាំម្រេចមានស្ថិរភាពថ្លៃ បើធៀបទៅនឹងផលិតផលផ្សេងៗទៀត។
បច្ចុប្បន្នកម្ពុជា អាចប្រមូលផលម្រេចបានបរិមាណ2ម៉ឺនតោន ខណៈកាលពីអំឡុងទសវត្សរ៍60 មានត្រឹមតែ 2,000តោនប៉ុណ្ណោះ។
ឯកឧត្តមបានថ្លែងថា៖ “ការកើនឡើងខ្ពស់នេះ បានបង្កក្តីលំបាកដល់ការរកទីផ្សារ។ យើងដឹងហើយថា ម្រេចតែមួយក្តាប់ គេអាចប្រើបានស្ទើរមួយភូមិ ដូចនេះការរកទីផ្សារពិតជាពិបាក។
នៅចំពោះមុខការលំបាកនេះ និងដើម្បីដោះស្រាយស្ថានភាពប្រឈមនៅពេលខាងមុខ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងបង្កើតសមាគមម្រេចឱ្យមាននៅគ្រប់ខេត្តទាំងអស់19 ដែលមានការដាំដុះម្រេច ដើម្បីឈានទៅបង្កើតសហព័ន្ធម្រេចនៅថ្ងៃអនាគត ខណៈបច្ចុប្បន្នមានតែខេត្តចំនួន5ប៉ុណ្ណោះដែលមានសមាគមម្រេច។ ការប្រកបអាជីវកម្មម្រេចត្រូវបានធ្វើឡើងដោយឡែកៗពីគ្នារវាងកសិករម្នាក់ទៅកសិករម្នាក់ទៀត ដែលជាកត្តាពិបាក និងការចំណាយខ្ពស់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានអះអាងថា ម្រេចជាផលិតផលសំខាន់មួយក្នុងចំណោមទំនិញទាំង19 មុខរបស់កម្ពុជាដែលជាអាទិភាពសម្រាប់ការនាំចេញ។ ផលិតផលម្រេចប្រមាណ300តោនសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក ហើយទិន្នផលសេសសល់ត្រូវពឹងលើការនាំចេញ ដោយវៀតណាមនាំចូលច្រើនបំផុត ក្រៅពីនោះមានទីផ្សារជប៉ុន កូរ៉េ អាមេរិក និងកាណាដា ជាដើម។
យោងតាមការសិក្សា កសិករលក់ម្រេចភ្លាមៗក្រោយប្រមូលផល ដោយសារគ្មានឃ្លាំងស្តុក និងត្រូវការទុនបង្វិល។ អ្នកដាំដុះម្រេច ត្រូវចំណាយថវិកាប្រមាណពី 2-3ម៉ឺនដុល្លារក្នុងមួយហិកតា សម្រាប់ការដាំដុះម្រេចរហូតដល់ដល់ប្រមូលផល។
នៅខែធ្នូចុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្មគ្រោងនឹងរៀបចំវេទិកាម្រេចលើកទី1 ដើម្បីបញ្ជ្រាបព័ត៌មានស្តីពីម្រេចដល់អ្នកដែលកំពុងធ្វើអាជីវកម្ម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ម៉ៅ ថូរ៉ា៕