លោក Carl Pei ជាសហស្ថាបនិកក្រុមហ៊ុន OnePlus ស្ងៀមៗស្រាប់តែសុំលាឈប់ ក្រោយប្រកាសចេញ OnePlus 8។ តាមការចុះផ្សាយពីសារព័ត៌មាននានា បានឱ្យដឹងថា មូលហេតុដែលលោកចាកចេញ គឺដើម្បីបង្កើតមុខជំនួញផ្ទាល់ខ្លួនមួយផ្សេងទៀត។
ក្រុមហ៊ុនចិនខាងលើនេះ ទទួលបានកេរ្តិ៍ឈ្មោះតាមរយៈយុទ្ធសាស្ត្រទីផ្សារផលិតស្មាតហ្វូនតម្លៃធូរថ្លៃ ដែលមានសមត្ថភាពខ្លាំង។ លោក Pei បានក្លាយជាអ្នកតំណាងឱ្យ OnePlus សម្រាប់ទីផ្សារលោកខាងលិច និងបានបង្ហាញក្នុងកម្មវិធីប្រកាសចេញ រួមទាំងកម្មវិធីជួបជុំអ្នកគាំទ្រជាច្រើនលើកផងដែរ ដោយសារទេពកោសល្យខាងភាសាអង់គ្លេសរបស់លោក។
OnePlus ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ2013 ដោយនាយកប្រតិបត្តិក្រុមហ៊ុន 2រូប គឺ លោក Carl Pei និង Pete Lau នៅពេលនេះ ការចាកចេញរបស់លោក Carl Pei គឺកើតមានឡើង មុនពេលការប្រកាសចេញ OnePlus 8T ដែលនឹងត្រូវបង្ហាញចេញនៅថ្ងៃស្អែកនេះ៕