ខ្ទង់ខាតបង់រហូតដល់ជាង10.7លានលានដុង (10,750,000,000,000) នេះ ប្រហាក់ប្រហែលនឹង70%នៃគម្រោងខាតបង់សម្រាប់ឆ្នាំ2020 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។
យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនVietnam Airlines ប្រាក់ចំណូលក្នុងរយៈពេល9ខែរបស់ក្រុមហ៊ុននេះ មានចំនួនជាង23.9លានលានដុង ថយចុះ58% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
Vietnam Airlines បានធ្វើប្រតិបត្តិការដឹកភ្ញៀវបានចំនួន10.2លានជើង ថយចុះ41% ចំណែកការដឹកទំនិញមានចំនួន146,000តោន ថយចុះ43%។
អំពីប្រាក់ចំណេញ ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមនេះ បានបញ្ចេញរបាយការណ៍ខាតបង់របស់ខ្លួនដែលកើនឡើងដល់ 10.75លានលាន (10,750,000,000,000) ដុង (ប្រមាណជា 463,800,000ដុល្លារអាមេរិក)។
ខណៈនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines ក៏បានខាតបង់ 1.1លានលានដុង (1,100,000,000,000ដុង) ដែលប្រហែល 47,459,000ដុល្លារអាមេរិក នៅក្នុងរយៈពេល8ខែ។ តាមការប៉ានស្មាន ក្រុមហ៊ុននេះនឹងត្រូវខាតសរុប 1.6លានលានដុង (69,032,465ដុល្លារ) ក្នុងឆ្នាំ2020នេះ៕
ប្រភព៖ CB