ពិតជា​រំភើប​ណាស់! កម្មវិធី​ស្វែងរក​តាម​ការបញ្ជា​ដោយ​សំឡេង​ជា​ភាសា​ខ្មែរ​របស់ Google អាច​ប្រើ​បាន​ហើយ 

ពិតជា​រំភើប និង​មាន​មោទនភាព​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ពេលនេះ​ក្រុមហ៊ុន Google បានសម្រេច​ដាក់បញ្ចូល​ភាសា​ខ្មែរ​ទៅក្នុង​កម្មវិធី​ស្វែងរក​ជា​សំឡេង ( Google Voice Search ) ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ខណៈ​កន្លងមក​យើង​អាច​ប្រើ​បានតែ​ជា​ភាសា​អង់គ្លេស និង​ភាសា​មួយចំនួនទៀត​ប៉ុណ្ណោះ។

ការដាក់បញ្ចូល​នេះ ដើម្បី​សម្រួល​ដល់​ការស្វែងរក​ឱ្យ​កាន់តែ​ងាយ​ស្រល​ជាង​មុន ដែល​វា​នឹង​បន្ថែម​ល្បឿន​ដល់​អ្នកប្រើប្រាស់​បាន​កាន់​តែ​លឿន​ជាង​មុន 3 ដង ជាពិសេស​សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​វាយ​អក្ស អាចធ្វើ​បាន​ដោយ​គ្រាន់តែ​ចុច​លើ​រូប Microphone ប៉ុណ្ណោះ។ មុខងារ​មួយ​នេះ ប្រិយមិត្ត​អាច​ប្រើ​បាន​លើ​ក្ដារ​ចុច​ចំនួន 2 របស់ Google គឺ Google’s keyboard និង Gboard។

ក្រៅតែពី​ភាសា​ខ្មែរ ក៏មាន 30 ភាសា​ទៀត​ដែរ​ដែល​ត្រូវ​បានដាក់​ឱ្យប្រើ ក្នុងនោះ​រួមមាន Amharic (Ethiopia), Armenian (Armenia), Azerbaijani (Azerbaijani), Bengali (Bangladesh, India), English (Ghana, Kenya, Nigeria, Tanzania), Georgian (Georgia), Gujarati (India), Javanese (Indonesia), Kannada (India), Lao (Laos), Latvian (Latvia), Malayalam (India), Marathi (India), Nepali (Nepal), Sinhala (Sri Lanka), Sundanese (Indonesia), Swahili (Tanzania, Kenya), Tamil (India, Singapore, Sri Lanka, Malaysia), Telugu (India) និង Urdu (Pakistan, India) ជាដើម។ល។ ក្នុងនោះ បើ​គិត​ជា​សរុប​ក្រុមហ៊ុន Google បានដាក់​មុខងារ​នេះ​ឱ្យប្រើ​បាន​ចំនួន 119 ភាសា​ហើយ​ទូទាំង​ពិភពលោក។

ដូច្នេះ​តោះ! យើង​សាកល្បង​ប្រើ​ទាំងអស់គ្នា​ទៅ​មើល៍ ថា​តើ​វា​ងាយស្រួល​ប្រើ​កម្រិតណា?៕