កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជានិងប្រទេសចិន ដែលត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី12តុលានេះ នឹងត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពីខែមករា ឆ្នាំ2021។
អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក ស៊ាង ថៃ បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យប្រើប្រាស់កិច្ចព្រមព្រៀងខាងលើនេះ ចាប់ពីថ្ងៃទី1មករា ឆ្នាំ2021។ យ៉ាងនេះក្ដី ការដាក់ឱ្យអនុវត្តជាផ្លូវការនឹងអាស្រ័យទៅលើពេលវេលានៃការអនុម័តរបស់សភាជាតិ និងការចុះហត្ថលេខាពីអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជានិងប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីព្រឹកមិញនេះ (12តុលា2020) ដោយមានវត្តមានរបស់ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងលោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ទាក់ទងនឹងផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គេសង្ឃឹមថា កម្ពុជានឹងអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិនបានកាន់តែច្រើន ដោយមិនចាំបាច់បង់ពន្ធដូចមុន៕