នៅក្នុងសៀវភៅ Conscious Leadership (បកប្រែក្រៅផ្លូវការថា “ការដឹកនាំប្រកបដោយការយល់ដឹង”) នៃ CEO របស់ក្រុមហ៊ុន Whole Foods លោក John Mackey បានបង្ហើបឱ្យដឹងថា មហាសេដ្ឋី Warren Buffett បានបដិសេធការអញ្ជើញឱ្យទទួលទិញបណ្ដាញផ្សារទំនើបនេះ។
John Mackey ដែលនាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Whole Foods រួមនឹងក្រុមការងាររបស់លោក បាននាំគ្នាបញ្ចុះបញ្ចូលឱ្យមហាសេដ្ឋី Warrant Buffett ទទួលទិញក្រុមហ៊ុននេះ ប៉ុន្តែ លោក Buffett ដែលជាមេដឹកនាំរបស់ក្រុមហ៊ុន Hathaway យល់ថា ជំនួញនេះមិនសមស្របទៅតាមទស្សនវិស័យរបស់ខ្លួន។
អំឡុងពេល John Mackey ទាក់ទងលោក Buffett គឺជាពេលវេលាដែលពួកគេចង់ “រុញ” ក្រុមហ៊ុនវិនិយោគ JANA Partners ឱ្យចេញពីល្បែងពាណិជ្ជកម្ម។
Whole Foods មានការព្រួយបារម្ភថា JANA នឹងក្ដាប់បានសិទ្ធិគ្រប់គ្រងក្រុមហ៊ុន រួចលក់ទៅឱ្យអ្នកណាដែលហ៊ានទិញក្នុងតម្លៃខ្ពស់បំផុត ហើយទន្ទឹមនឹងនេះ ពួកគេក៏មានការបារម្ភថា ម្ចាស់កម្មសិទ្ធិថ្មីនឹងដើរផ្ទុយទៅនឹងតម្លៃជាស្នូលរបស់ពួកគេ ដោយការដាក់លក់ផលិតផលមានគុណភាពទាប និងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ក៏ដូចជាការបំផ្លាញក្រុមហ៊ុន។
បន្ទាប់ពីបានពិភាក្សា ក្រុមរបស់លោក Mackey បានទៅរក Berkshire Hathaway ដែលជាក្រុមហ៊ុនរបស់លោក Buffett ដោយចាត់ទុកថា នេះជាជម្រើសល្អ។
ក្រៅពី Berkshire Hathaway លោក Mackey ក៏បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ Albertsons ប៉ុន្តែ បន្ទាប់មកលោកយល់ថា នេះមិនមែនជាដៃគូល្អ។ ដូច្នេះ ជាចុងក្រោយ លោកក៏បានសម្រេចចិត្តលក់ Whole Foods ទៅឱ្យ Amazon ក្នុងតម្លៃ13.7ពាន់លានដុល្លារអាមេរិក។
នាយក Whole Foods បានយោងទៅលើសម្ដីរបស់លោក Buffett និងបានយកមកអធិប្បាយអំពីការជួញដូរនេះនៅក្នុងសៀវភៅរបស់ខ្លួនថា៖ “ខ្ញុំជឿថា Whole Foods គឺជាក្រុមហ៊ុនអស្ចារ្យ ហើយ Amazon បានឱ្យតម្លៃមួយដ៏សមហេតុផល”។
ទាក់ទងនឹងបញ្ហាខាងលើន ភាគីខាង Whole Foods និង Berkshire Hathaway បានបដិសេធការបញ្ចេញមតិប្រាប់ Business Insider នៅពេលត្រូវបានសួរ។
ការដែលលោក Buffett បានបដិសេធទិសដៅពាណិជ្ជកម្មរបស់ Whole Foods ប្រហែលជាដោយសារលោកចូលចិត្តទទួលទានអាហារឆ្អិនស្រាប់ និងទំនងជាមិនយកចិត្តដាក់ទៅលើអាហារដែលជួយឱ្យមានសុខភាពល្អ។
កំពូលអ្នកវិនិយោគវ័យ90ឆ្នាំរូបនេះ តែងតែបរិភោគអាហាររបស់ McDonald’s នៅពេលព្រឹក និងទទួលទានភេសជ្ជ Coke ចំនួន5កំប៉ុងជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ Berkshire Hathaway ក៏មានក្រុមហ៊ុន See’s Candies និង Dairy Queen រួចហើយដែរ។ ជាងនេះទៀត Coca-Cola និង Kraft Heinz គឺជាភាគហ៊ុនធំបំផុតនៅក្នុងបញ្ជីវិនិយោគដែលមានតម្លៃ2សែនលាន (200,000,000,000) ដុល្លាររបស់ក្រុមហ៊ុន Berkshire Hathaway។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយកាលពីឆ្នាំ2004 មហាសេដ្ឋី Buffett បានថ្លែងថា “ខ្ញុំមិនធ្លាប់បានទៅក្បែរទីនោះទេ” នៅពេលដែលលោកនិយាយដល់បណ្ដាញផ្សារទំនើប Whole Foods។
ម្ចាស់ក្រុមហ៊ុន Berkshire Hathaway បានបង្អាប់ Whole Foods កាលពីឆ្នាំ2015ថា៖ “នៅពេលខ្ញុំប្រៀបធៀបការញ៉ាំ Coca-Cola មួយកំប៉ុង ជាមួយនឹងអារម្មណ៍ដែលកំពុងស្ថិតនៅចំពោះមុខអ្នកលក់ផលិតផលនៅ Whole Foods…ខ្ញុំមិនបានឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់មនុស្សនៅ Whole Foods នោះទេ”។
ក៏ប៉ុន្តែ ទាក់ទងនឹងការហូបចុក លោក Buffett ហាក់បាននិងកំពុងតែកែលម្អជាបណ្ដើរៗ។ កាលពីឆ្នាំទៅ ក្រុមហ៊ុនរបស់លោក បានទិញភាគហ៊ុនតូចមួយនៅក្នុងបណ្ដាញផ្សារចាបហួយ Kroger ហើយកាលពីត្រីមាសមុននោះ លោកក៏បានដកខ្លួនចេញពីការទិញដូរ Restaurant Brands ដែលជាម្ចាស់គ្រប់គ្រងរបស់ Burger King និង Tim Hortons ទៀតផង។
Berkshire Hathaway ក៏កាន់កាប់ភាគហ៊ុនមួយចំណែកតូចរបស់ Amazon ដូច្នេះមានន័យថា លោកក៏ជាម្ចាស់ដោយប្រយោលមួយរបស់បណ្ដាញផ្សារទំនើប Whole Foods ផងដែរ៕
ប្រភព៖ BI