ក្លិប Tottenham បានបើកការពិភាក្សាជាមួយនឹងក្លិប Ajax ជុំវិញការផ្ទេរ Davinson Sanchez ខណៈដែលលោក Mauricio Pochettino ពោរពេញដោយការជឿជាក់ក្នុងការចុះហត្ថលេខាជាមួយនឹងរូបគេ ក្រោយពីខ្សែការពារអន្តរជាតិកូឡុំប៊ីរូបនេះ បានបញ្ជាក់ប្រាប់ក្លិបហូឡង់របស់គេថា គេចង់ផ្ទេរទៅកាន់ក្លិប Spurs។
ក្រោយពីបានលក់ខ្សែការពារ Kyle Walker ទៅឲ្យក្លិប Manchester City ក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់ 50លានផោន (ស្មើនឹង 64.8លានដុល្លារអាមេរិក) លោក Pochettino បានស្វែងរកកីឡាករដែលត្រូវជំនួសក្នុងក្រុមរបស់លោក និងបានកំណត់យកកីឡាករវ័យ 21ឆ្នាំរូបនេះ ជាកីឡាករដ៏ស័ក្តិសមក្នុងការចាប់ដៃគូជាមួយនឹង Toby Alderweireld និង Jan Vertonghen ក្នុងតំបន់ការពារទាំង3។ កាលពីចុងសប្តាហ៍មុន ក្លិប Tottenham បានរៀបចំការពិភាក្សាតំណាក់កាលទី1ជាមួយនឹងក្លិប Ajax ដែលបានទិញ Sanchez ពីក្លិប Atletico Nacional របស់កូឡុំប៊ីក្នុងតម្លៃខ្លួន 5លានអឺរ៉ូ កាលពីរដូវក្តៅមុន បើទោះបីជាក្លិបរបស់ហូឡង់មួយនេះបានបញ្ជាក់ថា រូបគេមិនមែនសម្រាប់លក់ក៏ដោយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលដែល Sanchez ត្រូវបានគេយល់ឃើញថា បានស្ថិតក្នុងការចាប់អារម្មណ៍ពីសំណាក់លោក Pochettino ក្រោយពីជួបរដូវកាលដ៏ជោគជ័យមួយនៅឯក្លិប Ajax ក្រោយពីបានជួយឲ្យក្រុមរបស់ខ្លួនឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ប្រភពជិតដិតជាមួយនឹងកីឡាកររូបនេះ បានទទួលស្គាល់ថា រូបគេពិតជាចង់ផ្ទេរទៅកាន់ក្លិប Spurs បើទោះបីទទួលបានការចាប់អារម្មណ៍ពី Chelsea ក៏ដោយ។
មន្ត្រីរបស់ Tottenham ត្រូវបានគេជឿជាក់ថា បានធ្វើដំណើរទៅកាន់ទីក្រុង Amsterdam កាលពីថ្ងៃចន្ទ ដើម្បីបន្តធ្វើការចរចាផ្សេងៗ ខណៈដែល Ajax ចង់បានតម្លៃខ្លួន40លានអឺរ៉ូ (ស្មើនឹង 47លានដុល្លារអាមេរិក) ដោយសារតែ Sanchez នៅជាប់កិច្ចសន្យារយៈពេល 4ឆ្នាំទៀត៕
ប្រភពពី៖ The Guardian