ភ្នំពេញ៖ នៅដើមសប្តាហ៍នេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្មដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ និងសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាបានអញ្ជើញទៅប្រទេសបង់ក្លាដែសដើម្បីធ្វើការពិភាក្សាលម្អិតស្តីពីការធ្វើពាណិជ្ជកម្មអង្ករជាមួយគណៈប្រតិភូអន្តរក្រសួងនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ ប្រទេសបង់ក្លាដែសបានយល់ព្រមទទួលទិញអង្ករចំនួន 10% ក្នុងបរិមាណចំនួន 250,000តោន ចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាទិញដូរនេះក្រោមទិដ្ឋភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដើម្បីពង្រីកការនាំចេញអង្ករទៅបរទេសក៏ដូចជាអនុវត្តនូវគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលឱ្យបាន1លានតោន។
គួររំឭកដែរថា កាលពីថ្ងៃទី2 ខែសីហា ឆ្នាំ2017 កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ ដែលជាសេនាធិការបានចុះអនុស្សរណៈយោគយល់ជាមួយរដ្ឋាភិបាលបង់ក្លាដែសលើការលក់អង្ករចំនួន1លានតោនក្នុងរយៈពេល 5ឆ្នាំ (2017-2022) ក្នុងគោលបំណងធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ច ពិសេសធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនាំចេញអង្ករឱ្យបាន1លានតោនក្នុងមួយឆ្នាំរបស់រាជរដ្ឋាភិបាល៕