អតីត Freshie Boy លោក ថៃ នរៈពិទូ ដែលគេចាំបានថាធ្លាប់ជួបរឿងអាស្រូវ គ្រឿងញៀននោះ ធ្លាប់បានបង្ហាញមុខជាសាធារណៈហើយកាលពីថ្មីៗនេះ។ ក្រោយពេលបង្ហាញមុខ អតីតតារាប្រុសរូបនេះហាក់មានបំណងវិលមកកាន់ការងារសិល្បៈជាថ្មីថែមទាំងបង្ហាញពីគម្រោងក្នុងភាពយន្តខ្នាតខ្លីថ្មីមួយផងដែរ។
យោងតាមវីដេអូបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុក @One Shot Music ដែលគេឯងដឹងថាជាផលិតកម្មថ្មីរបស់លោក Rith Omega អតីតអ្នកដឹកនាំសម្តែងល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មថោន បានឲ្យដឹងដំណឹងការវិលចូលសិល្បៈវិញជាថ្មីរបស់ អតីត Freshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ បន្ទាប់ពីផ្អាកសិល្បៈទាំងស្រុងអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ វីដេអូចម្រៀងដែលអតីត Freshie Boy ឆ្នាំ២០០៦រូបនេះចូលរួមសម្តែងចំណងជើង «បើគ្មានបងអូននឹងសប្បាយចិត្ត» ។
យ៉ាងណាមិញ នៅមិនទាន់មានការអះអាងជាផ្លូវការពីសាម៉ីខ្លួននៅឡើយទេចំពោះការវិលត្រលប់ចូលវិស័យសិល្បៈវិញទាំងស្រុង ឬយ៉ាងណានោះ។ គួររលឹកថា មុនពេលមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើនបានកើតឡើង អតីត Freshie Boy លេខ១ លោក ថៃ នរៈពិទូ ធ្លាប់ជាតារាសម្តែងម្នាក់មានប្រជាប្រិយភាពមួយរូបផងដែរ ដែលមហាជនតែងកោតសរសើរលើសមត្ថភាព និងទេពកោសល្យនៃការសម្តែងពីមួយរឿងទៅមួយរឿងផងដែរ៕