ចាប់ពីពេល COVID-19 បានឆ្លងរាលដាល ទ្រព្យសម្បត្តិសរុបរបស់ហាសេដ្ឋីនានានៅទូទាំងពិភពលោក បានកើន1/4 ពោលគឺឡើងដល់ជាង10លានលាន (10,000,000,000,000) ដុល្លារអាមេរិក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ នោះគឺវត្តមានរបស់កំពូលមហាសេដ្ឋីដែលមានទ្រព្យ2សែនលានដុល្លារដំបូងគេបង្អស់ក្នុងពិភពលោក នោះគឺកំពូលមហាសេដ្ឋី Jeff Bezos ដែលជាម្ចាស់នៃក្រុមហ៊ុន Amazon។
តម្លៃទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos បានកើនឡើងដល់2សែនលាន (200,000,000,000) ដុល្លារអាមេរិកកាលពីខែសីហា នៅពេលដែលធនាគារ UBS និងក្រុមហ៊ុនសវនកម្ម PwC បានបូកសរុបតួលេខនៃរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីក្រុមមហាសេដ្ឋី។
របាយការណ៍ខាងលើ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី7តុលា បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីពិភពលោក បានកើនឡើងក្នុងល្បឿនលឿនបំផុតនៅក្នុងទសវត្សរ៍នេះ។
ពី 8លានលាន (8,000,000,000,000) ដុល្លារកាលពីដើមខែមេសា2020 ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីពិភពលោកបានកើនឡើង27% ដោយចំណាយពេលតែ3ខែប៉ុណ្ណោះ។ ប្រការនេះអាចកើតឡើងបាន ក៏ដោយសារកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនានាក្នុងពិភពលោក។ នេះបើតាមរបាយការណ៍ “Riding the Storm” របស់ UBS និង PwC។
ក្រៅពីជួយជំរុញឱ្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីកើនឡើង វីរុសCOVID-19 ក៏កំពុងធ្វើឱ្យក្រុមមហាសេដ្ឋីពិភពលោកត្រូវបរិច្ចាគប្រាក់កាសរបស់ពួកគេផងដែរ។ ការស្រាវជ្រាវរបស់ UBS និង PwC បង្ហាញថា ក្រុមមហាសេដ្ឋីពិភពលោក កំពុងបរិច្ចាគប្រាក់ច្រើនជាងពេលណាៗទាំងអស់។ ក៏ប៉ុន្តែ UBS និង PwC ក៏បានរកឃើញថា សកម្មភាពបរិច្ចាគទ្រព្យរបស់ក្រុមអ្នកមាននេះ អាចគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ ក្នុងការស្រាវជ្រាវ និងការស្ទង់មតិរបស់ UBS និង PwC នៅពេលត្រូវបានសួរអំពីគម្រោងការក្នុងរយៈពេល12ខែទៅមុខ មានមហាសេដ្ឋីតិចតួចប៉ុណ្ណោះដែលបញ្ជាក់ថា “យកសកម្មភាពមនុស្សធម៌ ដាក់នៅលើកំពូលតារាង” នៃកិច្ចការសំខាន់ដែលត្រូវធ្វើរបស់ពួកគេ៕
ប្រភព៖ Forbes