ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលនឹងផ្តល់ទុនបង្វិលចំនួន50លានដុល្លារដល់វិស័យឯកជនដើម្បីប្រមូលទិញស្រូវពីកសិករ ហើយរដ្ឋាភិបាលនឹងផ្តល់ទុនបន្ថែមទៀតប្រសិនបើការប្រមូលទិញស្រូវនៅតែមានតម្រូវការ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុត បានថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការប្រមូលទិញស្រូវសម្រាប់ឆ្នាំ2017 និងឆ្នាំ2018 នៅទីស្តីការក្រសួងថ្ងៃទី14 ខែសីហា ឆ្នាំ2017នេះថា សម្រាប់គោលការណ៍នៃការប្រមូលទិញស្រូវ ដើម្បីជួយលើកស្ទួយតម្លៃស្រូវរបស់ប្រជាកសិករកម្ពុជា រាជរដ្ឋាភិបាលនឹងបង្កើនតាមរយៈអន្តរាគមន៍កញ្ចប់ថវិកាជាច្រើន ក្នុងនោះសម្រាប់គម្រោងការបង្កើតឡសម្ងួត គឺមានទំហំទឹកប្រាក់ពី15លាន ទៅ30លានដុល្លារអាមេរិក ហើយមកដល់ពេលនេះសម្រាប់កញ្ចប់ថវិកា15លានដុល្លារ គឺយើងបានយកទៅអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ធំរួចហើយ។ ជាមួយនេះដែរ រាជរដ្ឋាភិបាលនឹងជំរុញបង្កើតគ្រោងឡសម្ងួតចំនួន3កន្លែងទៀត គឺនៅក្នុងខេត្តព្រៃវែង កំពង់ធំ និងខេត្តតាកែវផងដែរ។
លោករដ្ឋលេខាធិការក៏បានអំពាវដល់អាជ្ញាធរនៅតាមបណ្តាខេត្តទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយ និងជំរុញការប្រមូលទិញស្រូវឲ្យមានតម្លាភាព ជាពិសេសចូលរួមលុបបំបាត់ឲ្យអស់លើករណីទារលុយខុសច្បាប់ ខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រមូលទិញស្រូវនៅក្នុងគម្រោងផែនការឆ្នាំ2017 ឆ្នាំ2018នេះ៕