ភ្នំពេញ៖ បរិមាណនាំអង្ករចេញក្នុងខែកក្កដា ឆ្នាំ2017នេះមានចំនួន 27,354តោន មានការកើនឡើងចំនួន 3,267 តោនស្មើនឹង 13.50% ដែលមានចំនួនច្រើនជាងបរិមាណនាំអង្ករចេញក្នុងខែកក្កដា ឆ្នាំ2016កន្លងទៅដែលមានចំនួន24.087តោន។
របាយការណ៍ក្រសួងកសិកម្មបង្ហាញថា បរិមាណសរុបនៃការនាំអង្ករចេញក្នុងរយៈពេល7ខែ ឆ្នាំ2017 មានចំនួន 315,916តោន មានកំណើន23,639តោន កើនឡើង8.10% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។ ក្នុងនោះប្រទេសចិនឈរលំដាប់ទី1ដែលទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន 97,752តោន ប្រទេសលំដាប់ទី2.គឺប្រទេសបារាំង មានចំនួន 42,367តោន ប្រទេសប៉ូឡូញឈរលំដាប់ទី3 មានចំនួន 28,386 តោន និងឈរលេខរៀងបន្តបន្ទាប់គ្នា រួមមានប្រទេសអង់គ្លេស ប្រទេសណេដឺលែន ប្រទេសបែលហ្ស៊ីក ប្រទេសឆេក និងប្រទេសជាច្រើនទៀតសរុបមានចំនួន57ប្រទេស។
ប្រភេទអង្ករដែលនាំចេញច្រើនជាងគឺ អង្ករក្រអូបគ្រប់ប្រភេទនាំចេញរយៈពេល7ខែ មានចំនួន 165,993តោន ស្មើនឹង52.54% អង្ករសគ្រប់ប្រភេទមានចំនួន 113,434តោន ស្មើនឹង 35.91% និងអង្ករចំហុយមានចំនួន 36,489តោន ស្មើនឹង11,55%។ ក្នុងចំណោមអង្ករក្រអូបនោះអង្ករក្រអូបចម្រុះមានបរិមាណនាំចេញ 72,285តោន ស្មើនឹង 22.88% អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន 84,188តោន ស្មើនឹង 26.65%។
ចំណែកក្រុមហ៊ុនកម្ពុជាដែលនាំអង្ករចេញបានច្រើនជាងគេ គឺ Cristal Rice មានចំនួន 32,611តោន ទី2.ក្រុមហ៊ុន Baitang Kampuchea មានចំនួន 30,057តោន និងឈរលំដាប់ទី3គឺក្រុមហ៊ុន Apsara Rice ដែលមានចំនួនសរុប 26,418តោន រួមនឹងក្រុមហ៊ុនធំៗមួយចំនួនទៀត៕