អាថ៌កំបាំងនៃការ “ចងជើង” ប្រាក់កាសរបស់មហាសេដ្ឋី Mark Cuban នោះគឺ តថ្លៃនៅពេលទិញទំនិញ សន្សំសំច័យជាប្រចាំ និងមិនដែលជំពាក់បំណុលដោយសារប្រើប័ណ្ណឥណទានជាដើម។ល។
ដោយសារតែធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban បានរកឃើញមេរៀនល្អៗស្ដីអំពីវិធីចាយលុយ និងមានការផ្ដល់យោបល់ជាច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់មនុស្សដែលមានបំណងចង់សន្សំលុយ និងអ្នករស់នៅតាមបែបស៊ីចាយហឺហា។
មហាសេដ្ឋី Mark Cuban បានណែនាំថា អ្នកដែលចង់សន្សំសំច័យ ចូរ “រស់នៅឱ្យដូចជានិស្សិត” មានន័យថា មិនចាយវាយច្រើនទៅលើសម្ភារដែលមានតម្លៃជាទឹកប្រាក់លើសពីសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន ឬសម្ភរដែលមិនចាំបាច់សម្រាប់បម្រើឱ្យការងារសំខាន់ៗ។
លោក Mark Cuban បានផ្ដល់អនុសាសន៍ថា មិនគួរទិញរបស់របរណាដែលអ្នកមិនត្រូវការជាចាំបាច់ ពិសេសគឺនៅពេលដែលអ្នកមិនមានលុយគ្រប់គ្រាន់ដើម្បីទិញ។ ចូររស់នៅឱ្យបានក្រោមបន្ទាត់នៃតម្រូវការរបស់អ្នក។
ទន្ទឹមនឹងនេះ ចូរចាំថា ការប្រាក់របស់ប័ណ្ណឥណទានគឺតែងតែមានអត្រាខ្ពស់ ដូច្នេះ លោក Mark Cuban បានសង្កត់ធ្ងន់ថា បើសិនជាប្រើប្រាស់ប័ណ្ណឥណទាន ដាច់ខាតអ្នកត្រូវតែទូទាត់បំណុលឱ្យបានត្រូវតាមកាលកំណត់។
“អ្នកអាចខ្ចីប្រាក់ដើម្បីទិញផ្ទះ ព្រោះថាអត្រាការប្រាក់សម្រាប់កម្ចីប្រភេទបញ្ចាំនៅពេលនោះទាបជាងច្រើនបើធៀបនឹងតម្លៃរបស់ផ្ទះដែលកើនឡើងទៅតាមពេលវេលា។ ក៏ប៉ុន្តែ អ្នកមិនគួរមានប័ណ្ណឥណទានដែលនាំឱ្យអ្នកជំពាក់ប្រាក់ធនាគាររាល់ខែនោះទេ ដោយសារអត្រាការប្រាក់នៃឥណទានប្រភេទនេះគឺជាការវិនិយោគអាក្រក់បំផុតក្នុងពិភពលោក” នេះបើតាមមហាសេដ្ឋី Mark Cuban។
យោងតាមលោក Mark Cuban ល្អបំផុតគឺត្រូវតែទូទាត់បំណុលឱ្យបានជ្រះស្រឡះក្នុងអំឡុង30ថ្ងៃ ឬកាត់បន្ថយការប្រើប្រាស់ប័ណ្ណឥណទានឱ្យមកនៅទាបបំផុត។ “នេះគឺជាវិធីវិនិយោគឆ្លាតវៃបំផុតដែលអ្នកអាចធ្វើបាន” លោក Cuban និយាយដូច្នេះ។
មហាសេដ្ឋី Cuban ផ្ដល់ប្រាប់ថា ចូរប្រើប្រាស់កម្មវិធីបញ្ចុះតម្លៃនានាដើម្បីទិញទំនិញចាំបាច់ក្នុងបរិមាណច្រើន ក្នុងបំណងទទួលបានតម្លៃទាប ព្រោះថា ទោះជាយ៉ាងណា អ្នកក៏នៅតែត្រូវទិញវាដដែល ហើយបើសិនជាអាចសំច័យបាន20% 30% ឬមួយ40% នោះពិតជាការវិនិយោគដ៏ល្អ។
ទន្ទឹមនឹងនេះ នៅពេលដើរផ្សារ ចូរតថ្លៃឱ្យទាបបំផុតទៅលើទំនិញគ្រប់យ៉ាងដែលអ្នកត្រូវការទិញ ដោយហេតុថា បើសិនជាចេះតថ្លៃ នោះអ្នកនឹងអាចសន្សំសំច័យប្រាក់បានភ្លាមៗនៅនឹងកន្លែង។
លោក Cuban ផ្ដល់យោបល់ថា៖ អ្នកត្រូវតែរក្សាប្រាក់ឱ្យបានគ្រប់គ្រាន់សម្រាប់ចាយក្នុងរយៈពេល1ឆ្នាំ ដើម្បីធានាទៅលើផ្នែកហិរញ្ញវត្ថុនៅពេលអ្នកជួបបញ្ហាមិនអាចរកចំណូលបាន ហើយប្រាក់ដែលនៅសល់ពីនេះ គួរតែយកទៅវិនិយោគដើម្បីរកចំណេញ៕
ប្រភព៖ CNBC