Skip to content

Designer ​ម្នាក់​ រក​បាន​ប្រាក់​1​សែន​ដុល្លារ​អាមេរិក​ ដោយ​ប្រើ​ពេល​តែ​6​ថ្ងៃ​ តាម​រយៈ​ការ​លក់​ ​icon ​សម្រាប់​ iOS ​14

នៅក្នុងសម័យអ៊ីនធើណិតនេះ ការរកលុយ ពេលខ្លះពិតជាងាយស្រួលខ្លាំងណាស់ បើសិនជាយើងក្ដាប់បានទិន្នាការ ឬការពេញនិយមថ្មីៗដែលកំពុងត្រូវបានចាប់អារម្មណ៍ និងគាំទ្រខ្លាំង។

បុរសជា designer ម្នាក់ ទើបតែបានចែករំលែកអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទងនឹង​ការ​រក​បាន​ប្រាក់​100,000​ដុល្លារ​របស់​ខ្លួន​ ដោយប្រើពេលមិនដល់1សប្ដាហ៍ តាមរយៈការលក់រូប icon ដែលអាចប្ដូរទម្រង់បានតាមចិត្ត សម្រាប់ទូរស័ព្ទដែលប្រើ iOS 14។

កន្លងមក គេដឹងថា ក្រុមអ្នកអភិវឌ្ឍរកបានប្រាក់យ៉ាងច្រើនពីការសរសេរកម្មវិធីសម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS។ ប៉ុន្តែ ពេលនេះ គេបានដឹងថា មានវិធីថ្មីមួយទៀតដែលអាចរកបានប្រាក់ច្រើនពី iOS 14 នោះគឺការរចនា និងលក់ icon ដែលអាចច្នៃតាមចិត្តបាន។ ការងារថ្មីនេះ ទំនងជាងាយស្រួលជាងការសរសេរកូដកម្មវិធី ប៉ុន្តែ វាក៏អាចនាំប្រាក់ចំណូលមកឱ្យយើងមិនតិចនោះដែរ។

កាលពីថ្ងៃទី20កញ្ញា អ្នករចនារូបភាព (designer) ដែលមានឈ្មោះថា Traf បានបង្ហោះបណ្ដុំរូប icon ថ្មីរបស់ខ្លួននៅលើ Twitter ដែល icon ទាំងនេះត្រូវបានគាត់ធ្វើឡើងសម្រាប់អេក្រង់ iOS 14។ អត្ថបទរបស់គាត់ ទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម ដោយសារតែវាមានលក្ខណច្នៃប្រឌិត និងទាក់ទាញ។

ក្រោយពីដឹងថា មានមនុស្សជាច្រើនចាប់អារម្មណ៍ Traf ក៏បានរចនា icon ទៅតាមលក្ខណៈដែលខ្លួនចូលចិត្ត និងបានដាក់លក់នៅលើអ៊ីនធើណិត។ ដោយសារតែវាគួរឱ្យចង់ប្រើប្រាស់ បូករួមនឹងសំណាងខ្លះផងនោះ បណ្ដុំ icon នេះ ក៏មានអ្នកទាញយកទៅប្រើចំនួន3,626លើក ដែលនេះបានជួយឱ្យ Traf រកបានប្រាក់ដល់​ទៅ​100,000​ដុល្លារ ក្រោយរយៈពេលត្រឹមតែ6ថ្ងៃប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ជោគជ័យនេះ មិនមែនបានមកដោយចំណាយពេលតែ1យប់ ឬក៏6ថ្ងៃនោះឡើយ។ Traf ត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្រាវជ្រាវ ក្នុងបំណងបង្កើនចំណេះដឹង និងសមត្ថភាពនៃការរចនារូបភាពរបស់ខ្លួន រួមទាំងការបន្ទាន់សម័យទាក់ទងនឹងទិន្នាការថ្មីបំផុតផងដែរ។

មិត្តអ្នកអានទាំងឡាយ អាចចូលអានរឿងរ៉ាវបន្ថែមរបស់ Traf នៅទីនេះបាន៕

ប្រភព៖ Appleinsider

Leave a Reply

Your email address will not be published. Required fields are marked *