ទស្សនៈសម័យទំនើបនៃការបង្កើតទីផ្សារភាគហ៊ុន បានចាប់ផ្ដើមតាំងពីចុងសតវត្សទី16។ ទីផ្សារភាគហ៊ុនត្រូវបានចាប់ផ្ដើមនៅពេលបណ្ដាប្រទេសនៅក្នុងទ្វីបអាមេរិក (The New World) បានចាប់ផ្ដើមធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀតដែលមានដូចជាហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ ខណៈពេលដែលឈ្មួញធំៗនៅអឺរ៉ុបមានបំណងចាប់ផ្ដើមអាជីវកម្មទំហំធំដែលទាមទារឱ្យមានចំនួនទឹកប្រាក់ច្រើន ពុំមានឈ្មួញណាម្នាក់ មានប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ចាប់ផ្ដើមអាជីវកម្មដ៏ធំតែម្នាក់ឯងបាននោះទេ។ ជាលទ្ធផល វិនិយោគិន បានយកប្រាក់សន្សំរបស់ពួកគេទៅដាក់ទុនរួម ហើយបានក្លាយជាដៃគូអាជីវកម្ម និងជាសហកម្មសិទ្ធិជាមួយនឹងចំណែកភាគហ៊ុនរបស់ខ្លួននៅក្នុងអាជីវកម្មមួយដែលមានទម្រង់រួមទុន។ ក្រុមហ៊ុនរួមទុនដែលមានដើមកំណើតនៅប្រទេសហូឡង់បានក្លាយជាគំរូអាជីវកម្មមួយសម្រាប់អាជីវកម្មដទៃដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ1602 ក្រុមហ៊ុន ឌឺ ឌាចហ៍ អីស ឥណ្ឌា (The Dutch East India Co.) បានបោះផ្សាយក្រដាសតំណាងភាគហ៊ុនជាលើកដំបូង។ ឧបករណ៍ដែលអាចជួញដូរបាននេះ អនុញ្ញាតឱ្យភាគហ៊ុនិកមានភាពងាយស្រួលក្នុងការទិញ-លក់ និងធ្វើការជួញដូរភាគហ៊ុនរបស់ខ្លួនជាមួយនឹងម្ចាស់ភាគហ៊ុនផ្សេងៗ និងវិនិយោគិនដទៃទៀត។
គំនិតនេះ ទទួលបានជោគជ័យដោយការលក់ភាគហ៊ុនបានរីករាលដាលដល់ប្រទេសមហាអំណាចដែនសមុទ្រផ្សេងទៀតដូចជាប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ និងបារាំង។ នៅទីបំផុត ការអនុវត្តគំនិតនេះក៏បានរីករាលដាលដល់ចក្រភពអង់គ្លេស។ ឧស្សាហកម្មដទៃទៀតក្នុងកំឡុងពេលបដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្ដើមប្រើការលក់ភាគហ៊ុនជាវិធីដើម្បីប្រមូលមូលធនសម្រាប់ធ្វើអាជីវកម្ម។ ការហូរចូលនៃមូលធននេះ បានបន្តឱ្យមានការរកឃើញ និងការអភិវឌ្ឍនៃពិភពលោកថ្មី (The New World) និងការរីកលូតលាស់នៃឧស្សាហកម្មសម័យទំនើប។
ការកើនឡើងនូវបរិមាណជួញដូរភាគហ៊ុន បានជំរុញឱ្យមានការបង្កើតទីកន្លែងច្បាស់លាស់មួយសម្រាប់ជួញដូរ។ ជាលទ្ធផល ពាណិជ្ជករភាគហ៊ុនបានសម្រេចចិត្តទៅជួបគ្នានៅហាងកាហ្វេមួយនៅទីក្រុងឡុងដ៍។ ក្រោយមក ហាងកាហ្វេនោះត្រូវបានពាណិជ្ជករភាគហ៊ុនទិញយក ហើយប្រែឈ្មោះក្លាយជាទីផ្សារភាគហ៊ុនដែលមានការរៀបចំ និងគ្រប់គ្រងត្រឹមត្រូវនៅក្នុងឆ្នាំ១៧៧។ ទីផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (The London Stock Exchange) ជាទីផ្សារភាគហ៊ុនផ្លូវការដំបូងគេ។ គំនិតនៃការរៀបចំបែបនេះ ក៏បានហូរចូលទៅក្នុងប្រទេសអាមេរិក ហើយក៏បានចាប់ផ្ដើមនៅទីក្រុងភីឡាឌែលភីយ៉ា (Philadelphia) ក្នុងឆ្នាំ១៧៩០៕
អត្ថបទ៖ លោក ណង សេរីវុធ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា