Bengo4 ដែលជាក្រុមហ៊ុនមួយត្រូវបាន Taichiro Motoe ជាអ្នកបង្កើតឡើង កំពុងគ្រប់គ្រងទីផ្សាររហូតដល់80% នៃសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។
ជាច្រើនឆ្នាំកន្លងមកនេះ បណ្ដាក្រុមហ៊ុនរបស់ជប៉ុន សុទ្ធតែមានទម្លាប់បោះត្រាដើម្បីជំនួសឱ្យការចុះហត្ថលេខាលើឯកសារនានា។ ប៉ុន្តែ នៅពេលបុគ្គលិកក្រុមហ៊ុនកាន់តែច្រើន ត្រូវធ្វើការពីផ្ទះ ដោយសារតែ COVID-19 ទម្លាប់នេះក៏ត្រូវបានផ្លាស់ប្ដូរជាបន្តបន្ទាប់។
ក្រុមហ៊ុនធំៗជាច្រើននៅប្រទេសជប៉ុន ដូចជា Toyota ឬ Nomura ជាដើម កំពុងតែប្រើប្រាស់សេវាកម្មហត្ថលេខាបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុនមួយដែលមិនសូវមានគេស្គាល់ច្រើន នោះគឺក្រុមហ៊ុន Bengo4.com Inc។ ប្រការនេះហើយ បានជួយឱ្យមូលបត្ររបស់ Bengo4 កើនឡើង100% នៅក្នុងឆ្នាំ2020 នាំឱ្យ Taichiro Motoe ដែលបានបង្កើតក្រុមហ៊ុននេះកាលពី15ឆ្នាំមុន ក្លាយជាមហាសេដ្ឋី ដោយមានទ្រព្យជាង1ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes។
នៅក្នុងស្ថានភាពលំដាប់ដែលបង្កឡើងដោយ COVID-19 ក្រុមអ្នកវិនិយោគមានក្ដីសង្ឃឹមយ៉ាងខ្លាំងទៅលើ CloudSign (ជាឈ្មោះនៃសេវាកម្មស៊ីញ៉េបែបអេឡិចត្រូនិចរបស់ក្រុមហ៊ុន Bengo4)។
លោក Taichiro Motoe ដែលជាស្ថាបនិករបស់របស់ក្រុមហ៊ុន បានចែករំលែកជាលើកដំបូងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិកាលពីថ្ងៃទី17កញ្ញាថា៖ “CloudSign កំពុងប្ដូរផ្លាស់វប្បធម៌ hanko (ការបោះត្រា) បែបបុរាណ”។
យោងតាមក្រុមហ៊ុន Bengo4 សេវាកម្ម CloudSign កំពុងកាន់កាប់ដល់ទៅ80% នៃចំណែកទីផ្សារសេវាកម្មហត្ថលេខាអេឡិចត្រូនិចនៅប្រទេសជប៉ុន។ មានក្រុមហ៊ុនជាង100,000 នៅក្នុងវិស័យផ្សេងៗគ្នា កំពុងប្រើប្រាស់ CloudSign។ តួលេខនៃអតិថិជនដែលប្រើប្រាស់សេវាកម្ម CloudSign គិតមកដល់បច្ចុប្បន្ន បានកើនឡើងទ្វេដង បើធៀបនឹង1ឆ្នាំមុន។
ឈ្មោះរបស់ Bengo4 គឺជាការលេងអក្សរដែលកើតចេញពីពាក្យ “មេធាវី” នៅក្នុងភាសាជប៉ុន (ដែលអានថា “បេងហ្គូស៊ី/bengoshi”)។ ដំបូងឡើយ Bengo4 គឺជាបញ្ជីឯកសារ ឬថតដាក់ឯកសារអនឡាញមួយសម្រាប់មេធាវីតែប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានចូលរួមក្នុងផ្សារហ៊ុន Tokyo កាលពីឆ្នាំ2014 ជាមួយនឹងទុនតិចតួច។ មួយឆ្នាំក្រោយមក ក្រុមហ៊ុននេះក៏បានឧទ្ទេសនាម CloudSign។
មុនពេលបានក្លាយជាអ្នកជំនួញមួយរូប លោក Motoe គឺជាមេធាវីនៅក្នុងក្រុមហ៊ុនច្បាប់ Anderson Mori នៅជប៉ុន។ 3ឆ្នាំក្រោយមក លោកក៏បានសុំឈប់ពីការងារ ដើម្បីបង្កើតការិយាល័យច្បាប់ Authense ហើយក្នុងឆ្នាំដដែលនោះ លោកក៏បានបង្កើតក្រុមហ៊ុន Bengo4 ផងដែរ។
ក្រៅពីតួនាទីជាអ្នកជំនួញ និងជាមេធាវី លោក Motoe (កើតនៅ Illinois សហរដ្ឋអាមេរិក ប៉ុន្តែធំឡើងនៅខេត្ត Kanagawa ក្បែរទីក្រុងតូខ្យូ ប្រទេសជប៉ុន) ក៏ជាអ្នកបង្កើតច្បាប់ផងដែរ។ មហាសេដ្ឋីវ័យ44ឆ្នាំរូបនេះ គឺជាសមាជិកនៃសភាជាន់ខ្ពស់ជប៉ុនចាប់ពីឆ្នាំ2016 និងជាអ្នកបង្កើតច្បាប់ដែលរកបានប្រាក់ចំណូលច្រើនជាងគេរបស់ប្រទេសជប៉ុនកាលពីឆ្នាំ2019 ជាមួយនឹងតួលេខដែលត្រូវបានរាយការណ៍ គឺ 845លានយ៉េន ដែលស្មើនឹង7.8លានដុល្លារអាមេរិក។ ប្រាក់ចំណូលរបស់លោក Motoe ភាគច្រើនបានមកពីការលក់មូលបត្រនៅក្នុងផ្សារហ៊ុន។ ចាប់ពីដើមខែតុលានេះ លោក Motoe បានចាប់ផ្ដើមចូលរួមក្នុងជួរគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Yoshihide Suga និងកាន់កាប់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
គំនិតដែលនាំមកនូវប្រាក់ចំណូលពាន់លានដុល្លារនេះ គឺដោយសារលោក Motoe មានអារម្មណ៍ហត់នឿយនឹងវប្បធម៌បោះត្រាបែបបុរាណ នៅពេលដែលលោកធ្វើជាមេធាវី។ ស្ថាបនិករបស់ Bengo4 បានថ្លែងថា៖ “ខ្ញុំត្រូវបោះត្រាម្ដងមួយៗ ទៅលើឯកសារកិច្ចសន្យាជាច្រើន ហើយយល់ថា ប្រការនេះមានប្រសិទ្ធភាពតិចតួចនៅក្នុងមុខជំនួញ”៕
ប្រភព៖ Forbes