សម្រាប់លោកអ្នកដែលកំពុងតែប្រើប្រាស់កុំព្យូទ័រដើម្បីសិក្សា ឬប្រកបអាជីវកម្ម ប្រហែលជាធ្លាប់ដឹងហើយថាកម្មវិធីកុំព្យូទ័រភាគច្រើនគឺមានតម្លៃថ្លៃ មិនត្រឹមតែថ្លៃធម្មតាទេ មានកម្មវិធីមួយចំនួនទៀតគឺវាថ្លៃលើសពីតម្លៃកុំព្យូទ័រទៅទៀត។ ដូច្នេះហើយបានជាប្រជាពលរដ្ឋនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ និងមានប្រាក់ខែទាប បានងាកទៅរកគេហទំព័រផ្សេងៗ ដើម្បីទាញយកកម្មវិធីទាំងនោះដោយមិនចាំបាច់ចំណាយលុយកាក់ ដែលគេនិយមហៅថាជាកម្មវិធី ក្រែក (Cracked Software)។
ការទាញយកកម្មវិធីតាមរយៈគេហទំព័រទាំងនោះតែងតែជួបបញ្ហាផ្សេងៗដូចជាមេរោគ ឬកម្មវិធីនោះពុំមានដំណើរការត្រឹមត្រូវ ប៉ុន្តែនៅពេលថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញថា មានជនអនាមិកបានបង្កើតគេហទំព័រក្លែងក្លាយថាមានកម្មវិធីក្រែក តែតាមការពិតកម្មវិធីទាំងនោះគឺជាកម្មវិធីជំរិតទារប្រាក់ (Ransomware) ប្រភេទ Exorcist 2.0 ទៅវិញ។
ជាឧទាហរណ៍ជនអនាមិកបានផ្សព្វផ្សាយនៅក្នុងគេហទំព័រមួយថាមានកម្មវិធីសម្រាប់ Windows 10 Activator 2020 ដែលអាចឱ្យលោកអ្នកបញ្ចូលកម្មវិធី Windows 10 ដោយមិនចាំបាច់ចំណាយលុយ។ ប៉ុន្តែប្រសិនបើលោកអ្នកទាញយកហើយបើកកម្មវិធីនោះ វានឹងអ៊ិនគ្រីប (encrypted) ឯកសារទាំងអស់នៅក្នុងកុំព្យូទ័រ ហើយអ្វីដែលលោកអ្នកអាចបើកបានគឺជាឯកសារមួយដែលប្រាប់លោកអ្នកឱ្យបង់ប្រាក់ចំនួនពី ២៥០ដុល្លាររហូតដល់ ១០,០០០ដុល្លារ ដើម្បីអាចបើកឯកសារទាំងនោះបានឡើងវិញ។
ដូច្នេះដើម្បីចៀសវាងការបាត់បង់ទិន្នន័យ ក៏ដូចជាប្រាក់កាស លោកអ្នកគួរតែធ្វើការចម្លងឯកសារ (backup) ដែលមាននៅក្នុងកុំព្យូទ័រទៅទុកក្នុងឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ (External Storage Devices) ផ្សេងទៀតឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ជាពិសេសមុននឹងលោកអ្នកបញ្ចូលកម្មវិធីថ្មី៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា