ខ្សែប្រយុទ្ធ Neymar មិនបានខ្ជះខ្ជាយពេលវេលាក្នុងការបង្កើតភាពអស្ចារ្យភ្លាមៗនៅលើទីលានសម្រាប់ក្រុម Paris Saint-Germain ឡើយ ក្រោយពីរូបគេបានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ 3-0 នៅលើទឹកដីក្រុម Guingamp កាលពីថ្ងៃអាទិត្យ និងបានបញ្ជាក់ថា រូបគេមានអារម្មណ៍ថា ហាក់មានភាពរស់រវើកជាងមុន។
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសទាំង11នាក់ដំបូង ដោយលោកគ្រូបង្វឹក Unai Emery សម្រាប់ការប្រកួតនៅទីក្រុង Brittany ក្នុងរយៈពេល2ថ្ងៃ ក្រោយពីបានទទួលលិខិតឲ្យធ្វើការងារសម្រាប់ការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោករបស់គេក្នុងទឹកប្រាក់ចំនួន 222លានអឺរ៉ូ (ស្មើនឹង261លានដុល្លារអាមេរិក) ពីក្លិប Barcelona រួចមក។ តារាឆ្នើមវ័យ 25ឆ្នាំរូបនេះដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌លឿងរបស់ក្រុម PSG នោះបានលេងក្នុងតួនាទីដ៏សំខាន់ក្នុងពេលកីឡាករ Jordan Ikoko បានធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅដើមតង់ទី2។
បន្ទាប់មក រូបគេបានជួយឲ្យខ្សែប្រយុទ្ធ Edinson Cavani រកបានគ្រាប់បាល់ទី2សម្រាប់ក្រុមខ្លួន តាមរយៈការអូសបាល់ផុតខ្សែការពាររបស់ក្រុម Guingamp រួចបញ្ជូនបាល់បញ្ចូលទីយ៉ាងល្អមុនពេលបំពេញជ័យជម្នះដ៏កក់ក្តៅមួយសម្រាប់ក្រុមថ្មីរបស់ខ្លួនជាមួយនឹងគ្រាប់បាល់ទី3នៃក្រុមរបស់គេនៅជិតបញ្ចប់ការប្រកួត ខណៈដែល PSG បានកត់ត្រាជ័យជម្នះ2លើកពីការប្រកួតទាំង2លើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌរបស់បារាំង។ Neymar បានប្រាប់អ្នកយកព័ត៌មានថា៖ «មនុស្សជាច្រើនគិតថា ការចាកចេញពីក្លិប Barca នឹងធ្វើឲ្យស្លាប់ ប៉ុន្តែមិនមែនទេ វាផ្ទុយស្រឡះពីការគិតបែបនោះ។ ខ្ញុំមានភាពរស់រវើកជាងមុន។ ខ្ញុំអាចលេង ហើយខ្ញុំពិតជារីករាយណាស់។ កីឡាបាល់ទាត់មានលក្ខណៈដូចគ្នា ប៉ុន្តែមានតែប្រទេស ទីក្រុង និងក្រុមនេះប៉ុណ្ណោះដែលអាចផ្លាស់ប្តូរ»៕
ប្រភពពី៖ Sky Sport