គេនិយាយថា “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” តែដល់ពេលនៅជាមួយគ្នាយូរៗទៅ “ទោះឃ្លានក៏លែងឆ្ងាញ់ ទោះស្រឡាញ់ក៏លែងល្អ”។ ហេសៗ រឿងបែបនេះ តើវាជាការពិត ឬយ៉ាងណា?។
វាក៏ដូចជារាងពិបាកនឹងប្រាប់ដែរ ព្រោះថា គូស្វាមីភរិយាជាច្រើនគូក៏នៅតែផ្អែមល្ហែមនឹងគ្នា ទោះជាពេលវេលាកន្លងទៅយូរសែនយូរយ៉ាងណាក៏ដោយ ដូច្នេះយើងនាំគ្នាមកមើលថា តើពួកគេទាំងនោះធ្វើយ៉ាងណាខ្លះ ទើបសម្ព័ន្ធភាពស្នេហ៍របស់ពួកគេនៅតែស្ថិតស្ថេរយូរអង្វែង និងផ្អែមល្ហែមរៀងរាល់ថ្ងៃបែបហ្នឹង?។
“រឿងបែបហ្នឹងហ្អេ៎? គ្មានអ្វីពិបាកសោះ គ្រាន់តែនិយាយគ្នាឱ្យដឹង និយាយគ្នាដោយពាក្យដែលពីរោះត្រចៀក និងមិនប៉ះពាល់ក្ដៅក្រហាយដល់ចិត្តគ្នាទៅបានហើយ តែប៉ុណ្ណឹងឯង។ ប្ដីខ្ញុំ គាត់ជាមនុស្សមិនសូវមាត់ក និងគួរឱ្យស្រឡាញ់ ខ្ញុំថាយ៉ាងម៉េច ក៏គាត់មិនដែលប្រកែកដែរ តែបើថ្ងៃណា ស្រាប់តែគាត់ប្រកែកឡើង ខ្ញុំក៏ព្រមតាមគាត់ដូចគ្នាទៅ។ បែបហ្នឹងគេហៅថា ស្គាល់ពីចិត្តគេ ស្គាល់ពីចិត្តយើង នៅជាមួយគ្នាបានយូរ និងមិនចេះធុញទ្រាន់ឡើយ”
“ផស់ខ្ញុំវិញហ្អេ៎? ម៉ាក់ប្រាប់ថា មនុស្សប្រុស បើញ៉ាំឆ្អែតគ្រប់យ៉ាងហើយ ធានាថាមិនទៅណាទេ…ខ្ញុំក៏ព្យាយាមរិះរកវិធីឱ្យគាត់បានទទួលទានអាហារយ៉ាងមានសេចក្ដីសុខ។ ពេលញ៉ាំបាយជាមួយគ្នា ក៏នឹងមិននិយាយពីរឿងការងារ ឬរឿងអ្វីដែលធ្វើឱ្យមិនសប្បាយចិត្តទេ ថែមទាំងបើថ្ងៃណាគាត់កើតមានអារម្មណ៍ភិសវង់ផង ក៏ផ្ដល់ឱ្យគាត់បានឆ្អែតជាមួយនឹងសេចក្ដីស្នេហាដែលយើងប្រគល់ឱ្យទាំងកាយ និងចិត្តដោយក្ដីស្មោះស្ម័គ្រ និងឆ្អែតទៅជាមួយសេចក្ដីសុខដែលកើតពីទង្វើរបស់យើងរួមគ្នា។ បែបនេះ នៅជាមួយគ្នាប៉ុន្មានឆ្នាំ ក៏នៅតែផ្អែមល្ហែមដូចមុនដដែលដែរ”
“ខ្ញុំវិញ ពេលឃើញភរិយាគាត់រាងដូចជាធុញៗ ក្រញូវៗ ខ្ញុំក៏ធ្វើខ្លួនឱ្យសប្បាយរីករាយ ឬនិយាយរឿងកំប្លុកកំប្លែងឱ្យស្ដាប់ ព្យាយាមនាំគាត់ចេញពីស្ថានការណ៍ដែលធ្វើឱ្យគាត់មិនសប្បាយចិត្ត ជួយគាត់ធ្វើការងារផ្ទះខ្លះទៅ នាំទៅដើរលេងនៅទីនេះ ទីនោះខ្លះទៅ មិនយូរប៉ុន្មានគាត់ក៏តាំងស្មារតីបានឡើងវិញ និងសប្បាយរីករាយដូចមុនបាត់ទៅហើយ…”
“យើងពីរនាក់ទៅដើរលេងជាមួយគ្នានៅថ្ងៃឈប់ចុងសប្ដាហ៍យ៉ាងហោចណាស់ក៏មួយខែម្ដងដែរ។ ពេលដែលបានទៅនៅជាមួយគ្នាតែពីរនាក់នៅក្នុងកន្លែងដែលសែនស្ងប់ស្ងាត់ និងរ៉ូមែនទិកនោះ រឿងរ៉ាវរបស់ក្ដីផ្អែមល្ហែមក្នុងអតីតកាលក៏ត្រឡប់មកជាថ្មី ហើយជីវិតគូរបស់យើងក៏រលូនជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ។ គេនិយាយថា ជីវិតត្រូវមានតុល្យភាពទាំងមុខនាទីការងារ និងរឿងរបស់គ្រួសារ បើធ្វើបានបែបហ្នឹង ធានាថា អតីតកាលដែលផ្អែមល្ហែមនឹងនៅតែត្រឡប់មកឱ្យយើងបានជួបជានិច្ច”
“ការពិតទៅ រឿងដែលគួរឱ្យធុញទ្រាន់បំផុត គឺភាពដដែលៗរវាងគ្នានឹងគ្នា និងគ្មានអ្វីដែលគួរឱ្យរំភើបឡើយ ដូចជីវិតរបស់យើងដែលព្រឹកឡើងក៏ទៅធ្វើការ ល្ងាចត្រឡប់មកវិញក៏អស់កម្លាំង ឱកាសចង់ស៊ិះស៊ុសគ្នាក៏កាន់តែតិចទៅ ព្រោះស្រ្តីមេផ្ទះ គេការងារច្រើន យូរៗទៅក៏ធុញក្នុងការស្រឡាញ់គ្នា ដល់អ៊ីចឹង ភាពស្និទ្ធស្នាលគ្នាក៏ចាប់ផ្ដើមរលាយបាត់។ តែល្អណាស់ ដែលខ្ញុំចេះសង្កេតឃើញទាន់ និងចាប់ផ្ដើមកែសម្រួលខ្លួនដោយធ្វើការងារឱ្យតិចជាងមុន មានពេលនាំភរិយាទៅដើរលេងនៅទីនេះ ទីនោះឱ្យបានច្រើនឡើង។ លុះពេលមានបរិយាកាសល្អៗ រឿងរ៉ាវរបស់សេចក្ដីស្រឡាញ់ និងចំណង់រវាងគ្នានិងគ្នាក៏ត្រឡប់មកជាថ្មី ហើយនៅពេលមានសេចក្ដីសុខជាមួយគ្នាញឹកញាប់ទៅ អ្វីៗជាច្រើនវាក៏ត្រឡប់មកដូចដើមវិញ”
“ខ្ញុំសង្កេតឃើញថា ក្រោយពីបានរស់នៅជាមួយគ្នាហើយ គាត់ប្រែប្រួលមិនដូចពីមុន ខ្ញុំក៏ខិតខំព្យាយាមក្នុងការធ្វើគ្រប់យ៉ាងឱ្យគាត់ដូចដើមវិញ ប្រាប់ឱ្យគាត់ចេះយកចិត្តគ្នាខ្លះ ប្រាប់ឱ្យគាត់ត្រឡប់មកផ្ទះវិញទៀងពេលខ្លះ ទាំងការងាររបស់គាត់ក៏ច្រើន។ ពេលនោះប្រៀបដូចជាមនុស្សឆ្កួត ព្យាយាមប្រើអំណាចដើម្បីគ្រប់គ្រងគាត់ឱ្យបានដូចចិត្តខ្លួនឯងចង់បាន តែមើលទៅហាក់ដូចជាកាន់តែធ្វើ កាន់តែយ៉ាប់យ៉ឺនឡើង។ គាត់ព្យាយាមរកវិធីគេចវេះពីការនៅក្បែរគ្នា ដែលវារឹតតែធ្វើឱ្យខ្ញុំខឹងគាត់កាន់តែខ្លាំងឡើង និងកាចឡើងៗ។ គាត់ក៏ចាប់ផ្ដើមឆ្ងាយទៅៗ ពេលនោះគិតថា មិនយូរទេជីវិតគូរបស់យើងនឹងដួលរលំមិនខាន…។
លុះមកដល់ថ្ងៃមួយ ពេលនៅម្នាក់ឯងស្ងាត់ៗ ក៏នឹកឃើញថា ដែលប្រាប់ខ្លួនឯងថាគាត់ប្រែប្រួលមិនដូចមុននោះ ការពិតទៅគាត់ប្រែប្រួល ព្រោះមកពីយើងប្រែប្រួលខ្លួនឯងទេតើ!។ លុះនឹកឃើញដូច្នេះហើយ ក៏ចាប់ផ្ដើមកែសម្រួលខ្លួនឯងជាថ្មី ឱ្យត្រឡប់មកជានារីម្នាក់ដែលគាត់ធ្លាប់សុំសេចក្ដីស្នេហា និងសុំរៀបការជាមួយកាលពីមុន។ ប្លែកមែនទែន តែជារឿងពិត! គាត់ក៏ចាប់ផ្ដើមប្រែប្រួលត្រឡប់ក្លាយមកជារូបគាត់ដែលគួរឱ្យស្រឡាញ់ដែលធ្លាប់មកសុំសេចក្ដីស្នេហាពីយើងដូចកាលពីមុនវិញដែរ…បន្ទាប់ពីនោះមក ខ្ញុំក៏លែងត្រឡប់ទៅជានាងយក្ខិនីទៀត ឯគាត់ក៏ត្រឡប់មកជាតួឯកដ៏សែនល្អរហូតតទៅដូចគ្នា”
ទាំងអស់នោះ ប្រហែលវាជាផ្នែកមួយរបស់ជីវិតពិតដែលបានកើតឡើង និងអាចហៅអតីតកាលដ៏សែនផ្អែមល្ហែមឱ្យត្រឡប់មកសាជាថ្មីវិញបាន តែ តើមានអ្នកណាអាចដឹងទេថា ហេតុអីបានពួកគេអាចហៅភាពផ្អែមល្ហែមរបស់ជីវិតគូឱ្យត្រឡប់មកវិញបាន?
ចម្លើយក៏គឺ ពួកគេមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមក ព្រោះនៅពេលដែលមនុស្សយើងមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយ រឿងអ្វីក៏អាចធ្វើបានដែរសម្រាប់មនុស្សល្អម្នាក់នោះ គឺមនុស្សដែលយើងស្រឡាញ់…៕
ដោយអ្នកគ្រូ ឆវី